Toyota នឹងបញ្ចេញរថយន្ត Mirai ជំនាន់ថ្មី នៅ​ឆ្នាំ ២០២០

Toyota បាន​បញ្ជាក់​នឹង​បញ្ចេញ​លក់​រថយន្ត​ Toyota Mirai ជំនាន់​ទី​ពីរ ដែល​វា​គឺ​ជា​ប្រភេទ​រថយន្ត​ដើរ​ដោយ​ថាមពល​អ៊ីដ្រូហ្សែន ដ្បិត​ថា​ចំនួន​លក់​មិន​សូវ​មាន​​សន្ទុះ​ខ្លាំង​ក៏​ដោយ។

លោក​ប្រធាន​ Takeshi Uchiyamada បាន​បញ្ជាក់​ថា​រថយន្ត​ Mirai ជំនាន់​បន្ទាប់​ នឹង​ចេញ​មុខ​នៅ​ឆ្នាំ ២០២០។ លោក​បាន​លើក​ឡើង​នៅ​អំឡុង​ការ​ថ្លែង​សុន្ទរកថា​នៅ​ជំនួប​អំពី​ថាមពល​អ៊ីដ្រូហ្សែន​ នា​ទីក្រុង​តូក្យូ​កាល​ពី​ដើម​សប្ដាហ៍។

ពាណិជ្ជកម្ម

នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​រថយន្ត​នេះ​លក់​ចេញ​បាន​តិច​តួច ក៏​ដោយ​សារ​វា​មាន​លក់​តែ​នៅ​រដ្ឋ​ California និង​រដ្ឋ Hawaii ហើយ​ទាក់ទាញ​តែ​អ្នក​ដែល​រស់​នៅ ឬ​ធ្វើ​ការ​ក្បែរ​ស្ថានីយ​ចាក់​អ៊ីដ្រូហ្សែន​តែ​ប៉ុណ្ណោះ។

កាល​ពី​ចុង​ឆ្នាំ​មុន គូ​ប្រជែង​របស់​ Mirai បាន​លេច​មុខ​នៅ​សហរដ្ឋអាមេរិក ជា​ម៉ូដែល Hyundai Nexo ដែល​វា​មាន​តម្លៃ​ចាប់​ពី ៥៨ ៣០០ ដុល្លារ ធូរ​ជាង Mirai ប្រមាណ ៦៥ ដុល្លារ ហើយ​ម្ចាស់​រថយន្ត​ទទួល​បាន​កាត​ចាក់​អ៊ីដ្រូហ្សែន​តម្លៃ ១៣ ០០០ ដុល្លារ​​ទៀត​ផង៕

Sponsored