Toyota ចេញឡាន Corolla ប្រភេទថ្មី មានកៅអីអង្គុយតែ ២ ប្រើម៉ាស៊ីន Hybrid តម្លៃតែជាង ៣ម៉ឺនដុល្លារ

ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត Corolla ប្រភេទថ្មី ហៅថា Toyota Corolla Commercial ដែលត្រូវបានផលិតផ្អែកតាមម៉ូដែល Corolla Touring Sports។

ជាក់ស្តែង Toyota Corolla Commercial គឺជារថយន្តសម្រាប់ដឹកឥវ៉ាន់ ដោយកៅអីខាងក្រោយរបស់វាត្រូវបានដកចេញ ដោយផ្តល់នូវកន្លែងផ្ទុកឥវ៉ាន់កាន់តែធំ ព្រមទាំងមានកម្រាលកៅស៊ូដ៏ធន់ទៀតផង។ មិនតែប៉ុណ្ណោះ រថយន្តនេះវាក៏បានខណ្ឌចែករវាងកាប៊ីនអ្នកបើកបរ និង កន្លែងផ្ទុកឥវ៉ាន់ផ្នែកខាងក្រោយ ដែលកាន់តែផ្តល់នូវងាយស្រួលសម្រាប់ការដឹកឥវ៉ាន់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Toyota Corolla Commercial ផ្តល់ជម្រើស ៣ ពណ៌ គឺ ស Pure White, ខ្មៅ Eclipse Black និង ទឹកប្រាក់ Silver។ វាមានបំពាក់ម៉ាស៊ីន Hybrid ដោយគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ១,៨លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ១១៨សេះ និងកម្លាំងរមួល ១៤២ញ៉ូតុនម៉ែត្រ។

សូមបញ្ជាក់ថា រថយន្តនេះអាចដឹកបានទម្ងន់ ៤២៥គីឡូក្រាម និងអូសសណ្តោងបានដល់ ៧៥០គីឡូក្រាមឯណោះ។ រថយន្ត Toyota Corolla Commercial ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៣៣ ១២០ដុល្លារ ស្រាប់ទីផ្សារអឺរ៉ុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម