[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ យោងតាមស្ថិតិពីគេហទំព័រ TrendForce ការលក់រថយន្តសរុបទូទាំងពិភពលោកនៅទូទាំងទីផ្សារធំៗចំនួន ៣៧ ក្នុងខែសីហាបានកើនដល់ ៥,៥៥ លានគ្រឿង ។ ក្នុងចំណោមទីផ្សារដ៏មានថាមពលនេះ ម៉ាកលក់រថយន្តកំពូលទាំង ១០ ប្រចាំខែគឺ Toyota, Volkswagen, Honda, BYD, Hyundai, Ford, Chevrolet, Suzuki, Kia និង Nissan។
ដោយក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តរបស់ចិន BYD បានលក់រថយន្តបានច្រើនជាងក្រុមហ៊ុន Ford និងបានដណ្តើមតំណែងម៉ាករថយន្តធំជាងគេទីបួនរបស់ពិភពលោកនៅក្នុងការលក់រថយន្តនៅក្នុងខែសីហា។ គួរកត់សម្គាល់ថា ដំណើរការការលក់របស់ BYD នៅតែរឹងមាំ បើទោះបីជាតម្រូវការធ្លាក់ចុះនៅក្នុងទីផ្សាររថយន្តរបស់ប្រទេសចិនក៏ដោយ។ នៅក្នុងខែសីហា BYD បានរាយការណ៍ពីការកើនឡើង ៥% ពីមួយខែទៅមួយខែក្នុងការលក់រថយន្ត។ ចំណែកទីផ្សាររបស់ក្រុមហ៊ុនបានតាមពីក្រោយក្រុមហ៊ុន Honda លំដាប់ទីបីត្រឹមតែ ០,១ ភាគរយប៉ុណ្ណោះ។
គួរឲ្យដឹងថា សម្រាប់ការលក់រថយន្តនៅលើទីផ្សារសកលសម្រាប់ខែសីហាបានបង្ហាញរូបភាពចម្រុះ ខណៈពេលដែលការលក់រថយន្តរបស់ BYD កំពុងតែកើនឡើងនោះ ក្រុមហ៊ុន Ford បានជួបប្រទះនឹងការធ្លាក់ចុះនៃការលក់ ៦,៧% ពីមួយខែទៅមួយខែ ដែលបណ្តាលឲ្យក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកធ្លាក់ចុះមកចំណាត់ថ្នាក់ទី ៦ ៕