Toyota បានវិនិយោគទឹកប្រាក់ប្រមាណ ៣៨៣ លានដុល្លារ ក្នុងការផលិតម៉ាស៊ីន ៤ ស៊ីឡាំងនៅសហរដ្ឋអាមេរិក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការបណ្តាក់ទុនទឹកប្រាក់យ៉ាងច្រើនក្នុងរោងចក្រនៅសហរដ្ឋអាមេរិករបស់ខ្លួនក្នុងការរៀបចំសម្រាប់ការផលិតម៉ាស៊ីន ៤ ស៊ីឡាំងថ្មី។

ជាមួយទឹកប្រាក់ ៣៨៣ លានដុល្លារ នឹងត្រូវវិនិយោគលើរោងចក្រផលិតនៅសហរដ្ឋអាមេរិក ដើម្បីផលិតម៉ាស៊ីន ៤ ស៊ីឡាំង ដែលនឹងត្រូវបានប្រើនៅក្នុងម៉ូដែលប្រើថាមពលចំហេះក្នុង ក៏ដូចជាម៉ាស៊ីន hybrid ផងដែរ។ ប្រាក់នឹងត្រូវបែងចែករវាងរោងចក្រផលិតម៉ាកចំនួនបួន ហើយនីមួយៗនឹងបំពេញកិច្ចការជាក់លាក់មួយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅរោងចក្រ Huntsville Alabama នឹងទទួលបានចំណែកធំបំផុតនៃការវិនិយោគ ២២២ លានដុល្លារដើម្បីបង្កើតខ្សែសង្វាក់ផលិតកម្មថ្មី ៤ស៊ីឡាំងសម្រាប់ទាំងជម្រើសម៉ាស៊ីនចំហេះក្នុង និងម៉ាស៊ីនកូនកាត់ផងដែរ។ បច្ចុប្បន្ន រោងចក្រនេះមានសមត្ថភាពផលិតម៉ាស៊ីនចំនួន ៩០០ ០០០ គ្រឿងក្នុងមួយឆ្នាំ ។

សម្រាប់ទឹកប្រាក់ ១០៩ លានដុល្លារនឹងត្រូវវិនិយោគនៅក្នុងរោងចក្រ Troy រដ្ឋ Missouri ដើម្បីផ្តល់ឧបករណ៍ថ្មីសម្រាប់ផលិតក្បាលស៊ីឡាំង ខណៈដែលរោងចក្រ Jackson, Tennessee នឹងទទួលបាន ៣៦ លានដុល្លារដើម្បីសាងសង់ប្លុកម៉ាស៊ីនបួនស៊ីឡាំងថ្មី។

រីឯទឹកប្រាក់ចុងក្រោយ ១៦ លានដុល្លារនឹងផ្តល់ទៅរោងចក្រដ៏ធំបំផុតរបស់ក្រុមហ៊ុន Toyota នៅ Georgetown រដ្ឋ Kentucky ដើម្បីពង្រីកការផលិតម៉ាស៊ីនបន្ថែមទៀត។ រោងចក្រនេះបានទទួលការវិនិយោគចំនួន ៤៦១ លានដុល្លារក្នុងខែតុលា ឆ្នាំ ២០២១ ហើយបច្ចុប្បន្នផលិតបានប្រហែល ៦០០ ០០០ គ្រឿងក្នុងមួយឆ្នាំសម្រាប់ទាំងម៉ូដែល Toyota និង Lexus ។

គួរបញ្ជាក់ផងដែរថា​បច្ចុប្បន្ននេះ Toyota មានម៉ាស៊ីនបួនស៊ីឡាំងមួយចំនួននប៉ុណ្ណោះ នៅម៉ាស៊ីនចំណុះ ១,៨ លីត្រ ២,០ លីត្រ និង ២,៥​ លីត្រ ។ ទន្ទឹមនឹងនេះ ការវិនិយោគបង្ហាញថាម៉ាកយីហោជប៉ុនកំពុងធ្វើការលើម៉ាស៊ីនថ្មី ប៉ុន្តែ Toyota បានបដិសេធមិនផ្តល់ព័ត៌មានបន្ថែមណាមួយឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម