Toyota ឲ្យតម្រុយពីឡាន Hybrid ថ្មី ទំនងឡាន Prius ជំនាន់ថ្មី

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានចេញផ្សាយរូបភាព Teaser លើគណនី Instagram និង Facebook បង្ហាញពីទម្រង់នៃរថយន្តម៉ូដែលថ្មី អមជាមួយពាក្យ “Hybrid Reborn”។

រថយន្តម៉ូដែលថ្មីនេះ ទំនងជារថយន្ត Prius ជំនាន់ថ្មី ដែលនឹងប្រកាសចេញជាផ្លូវការនៅថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះ។ រូបភាព Teaser បង្ហាញពីទម្រង់ចង្កៀងខាងមុខដែលមើលទៅហាក់ស្រដៀងនឹងរថយន្តអគ្គិសនីសុទ្ធត្រកូល bZ អ៉ីចឹងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការបង្ហោះរបស់ Toyota មានភ្ជាប់ជាមួយតំណភ្ជាប់ទៅកាន់វិបសាយ Toyota ជាភាសាជប៉ុន ដែលទីនោះក៏មានបង្ហាញពីស្រមោលរថយន្តម៉ូដែលថ្មីផងដែរ គឺជាប្រភេទរថយន្តទ្វារប្រាំ Fastback មើលទៅពិតជាស្រដៀងនឹងរថយន្ត Toyota Prius។

គិតត្រឹមពេលនេះមានរយៈពេលជិតមួយឆ្នាំហើយដែលគេបានឭអំពីរថយន្ត Toyota Prius ជំនាន់ថ្មី ហើយវាក៏ដល់ពេលដែលរថយន្តជំនាន់ទីប្រាំនៃ Prius បង្ហាញវត្តមានផងដែរ ស្របពេលដែល Toyota បានបញ្ជាក់ថាខ្លួននឹងរក្សាប្រព័ន្ធ Hybrid៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម