Toyota Land Cruiser GR-SPORT 300 ២០២២ ចេញលក់ក្នុងប្រទេសថៃ ជាមួយតម្លៃជិត ២៥០ ០០០ ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុននាំចូលរថយន្ត Sakura Auto បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Land Cruiser GR-SPORT 300 ស៊េរីឆ្នាំ ២០២២ ជាមួយតំលៃលក់ ២៤៤ ៥៣៨ ដុល្លារនៅក្នុងប្រទេសថៃ។

​សម្រាប់ GR SPORT ត្រូវបានផលិតដោយផ្អែកលើគ្រោងឆ្អឹង TNGA-F platform មានប្រវែងតួខ្លួនសរុប ៤ ៩៩០ ម.ម ទទឹង ១ ៩៨០ ម.ម កំពស់ ១ ៨៧៩ ម.ម និងប្រវែងគម្លាតកង់មុខក្រោយ ២ ៨៥០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងមុខបំពាក់ដោយប៉ាណាមុខមួយផ្ទាំងធំជាមួយឡូហ្គោ Toyota នៅចំកណ្តាល, កញ្ចក់​ចំហៀង​ពណ៌​ខ្មៅ​ ​មាន​ឡូហ្គោ GR និងថាសកង់​ស្ព័រ​ប្រភេទ 6-spoke ទំហំ​ ១៨ ​អ៊ីញជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុងកាប៊ីនមាន កៅអី ៣ជួរ ៧ កៅអី ត្រូវបានបំពាក់ដោយកុងទ័រព័ត៌មានទំហំ ៩ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto, ឧបករណ៍បំពងសំឡេងម៉ាក JBL, កៅអីពូស្បែកម៉ាក Nappa ពណ៌ខ្មៅ-ក្រហមមានឡូហ្គោអក្សរ GR Sport, ប្រព័ន្ធកាំមេរ៉ា Multi-Terrain Monitor, កន្លែងសាកថ្មឥតខ្សែ និងឈ្នាន់ស្រោបដោយអាលុយមីញ៉ូម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៣,៣ លីត្រ V6 twin-turbo អាចផលិតកម្លាំងបាន ៣០៩ ញ៉ូតុនម៉ែត្រ និងកម្លាំងរមួល ៧០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០ វគ្គ ប្រភេទ Direct Shift ប្រព័ន្ធបើកបរប៉ុង ២​ វិលកង់ទាំងបួន និងមានរបៀបបើកបរចំនួន ៤ គឺ Sport, Sport S+, Comfort និង Customise ។ មិនតែប៉ុណ្ណោះ រថយន្ត Toyota Land Cruiser GR-Sport 300 ក៏បានបំពាក់ជាមួយប្រព័ន្ធសុវត្ថភាព Toyota Safety Sense ចុងក្រោយបង្អស់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម