Toyota Yaris Ativ ជំនាន់ថ្មី ទទួលបានការកក់ទុកមុន ៨ ០០០ គ្រឿង ក្នុងរយៈពេល ​១២ ថ្ងៃ

[ទីផ្សារបរទេស] កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ យោងតាមប្រភពព័ត៍មាន Prachachat បានឲ្យដឹងថា លោក Surasak Suthongwan អនុប្រធានប្រតិបត្តិក្រុមហ៊ុន Toyota Motor Thailand Company Limited បានធ្វើការបង្ហាញការកក់ទុកសម្រាប់រថយន្ត Toyota Yaris Ativ ស៊េរីថ្មី ត្រឹមរយៈពេល ១២ ថ្ងៃ ទទួលបានការកក់ទុកមុនដល់ទៅ ៨ ០០០ គ្រឿង ដែលជាកំណត់ត្រាថ្មីមួយរបស់ Toyota នៅប្រទេសថៃ។

រថយន្តជំនាន់ថ្មីនេះបានប្ដូរប្រើប្រាស់ការឌីហ្សាញបែបស្ព័រ អម​ជាមួយ​ការឌីហ្សាញបែបជ្រុងៗខុស​ស្រឡះ​ពី​រថយន្ត​ជំនាន់មុន ហើយ​អំពូល​ភ្លើងមុខ/ក្រោយក៏មានរូបរាងស្ដើងជាងមុនផងដែរ។ រូបរាងថ្មីនេះហាក់ស្រដៀងនឹងរថយន្ត Corolla Altis និង Camry ជំនាន់ថ្មីដែរ។

ពាណិជ្ជកម្ម

ផ្នែកខាងក្នុងក៏មានការផ្លាស់ប្ដូររចនាបថខ្លះៗផងដែរ ហើយវាមានបំពាក់មកជាមួយកុងទ័រព័ត៌មានឌីជីថលទំហំ ៧អ៊ីញ, មាន​អេក្រង់​កម្សាន្ត​ទំហំ ៩អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto, ឧបករណ៍បំពងសំឡេងម៉ាក Pioneer, ភ្លើងលម្អ មាន​សរុប ៦៤ពណ៌ និងមានម៉ាស៊ីនត្រជាក់ចែកដាច់ជាពីរតំបន់។

រថយន្ត Yaris Ativ ស៊េរីថ្មីដែលលក់នៅប្រទេសថៃមានជម្រើសបួនប្រភេទ ប៉ុន្តែប្រើប្រាស់ម៉ាស៊ីន​តែមួយ​ដូចគ្នា​មាន​ចំណុះ ១,២ លីត្រ អាចផលិតកម្លាំងបាន ៩៤ សេះ ភ្ជាប់ជាមួយប្រអប់លេខប្រភេទ CVT-i និងប្រើប្រព័ន្ធបើកបរ​ប៉ុងមុខ។ សម្រាប់រថយន្តនេះមានតម្លៃចាប់ពី ១៥ ២០០​ដុល្លារ រហូតដល់ ១៩ ៦០០​ដុល្លារ នៅក្នុងទីផ្សារប្រទេសថៃ៕

Sponsored