
ខ្សែស្រឡាយផលិតរថយន្តរបស់ក្រុមហ៊ុន Toyota បានរីកមាឌធំឡើងៗ ជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក្រុមហ៊ុនបាននឹងកំពុងផ្តល់ជូននូវចំនួន Option ច្រើនសន្ធឹកសន្ធាប់រហូតដល់ថ្នាក់ធ្វើឲ្យអ្នកទិញវិលមុខ។ ជាឧទាហរណ៍គ្រាន់តែរថយន្តម៉ូឌែល 4Runner ១គ្រឿងមានរហូតដល់ទៅ ១២ Option ផ្សេងគ្នាទៅហើយ ចំណែកឯម៉ូឌែល Grand Highlander វិញមានដល់ទៅ ១០ Option ផងដែរ។
ពាក់ពន្ធករណីនេះអគ្គនាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Toyota មានបំណងចង់ដោះស្រាយបញ្ហាកំណើននៃស្រឡាយផលិតរបស់ខ្លួននិងផ្លាស់ប្តូរផែនការមួយចំនួន ដើម្បីធ្វើយ៉ាងណាអាចកាត់បន្ថយការចំណាយហើយអាចបង្កើនប្រាក់ចំណេញបានកាន់តែច្រើនជាងមុន។ យោងតាមសារព័ត៌មាន Autonews បានចុះផ្សាយយពីអំពីការលើឡើងរបស់លោក Kenta Kon ដែលជាអគ្គនាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Toyota បានមានប្រសាសន៍ថា៖«ប្រសិនបើអ្នកដើរចូលទៅកាន់ផ្នែកអភិវឌ្ឍន៍ផលិតផល អ្នកនឹងមើលឃើញពីបញ្ហាជាច្រើន ដូចជាការកើនឡើងនៃចំនួនលក្ខណៈបច្ចេកទេស និងជម្រើសម៉ូឌែលរងខុសៗគ្នា កំពុងត្រូវបានបង្កើតឡើងជាច្រើន។ កត្តាទាំងនេះហើយកំពុងតែរុញច្រានឲ្យតម្លៃថ្លៃដើមផលិតកម្មហក់ឡើងខ្ពស់»។
យ៉ាងមិញទោះបីវាជាភាពសម្បូរបែប ហើយជាចំណែកមួយជួយបង្កើនភាពងាយស្រួលដល់អតិថិជនពិតមែន ប៉ុន្តែក្រុមហ៊ុនត្រូវពិនិត្យមើលឲ្យបានកាន់តែច្បាស់លាស់ឡើងវិញ ចំពោះអ្វីៗទាំងឡាយណា ដែលមិនបានជួយបង្កើនផលចំណេញសុទ្ធដល់ក្រុមហ៊ុន។ ប្រភពសារព័ត៌មានដដែលនេះបានបញ្ជាក់ថា នេះគឺជាផ្នែកមួយនៃការត្រួតពិនិត្យឡើងវិញទ្រង់ទ្រាយធំ ហើយអ្វីៗគ្រប់យ៉ាងគឺត្រូវបានដាក់នៅលើតុដើម្បីពិភាក្សា និងវាយតម្លៃទាំងអស់។
ចាប់តាំងពីការប្រកាសអំពីការកែទម្រង់ទ្រង់ទ្រាយធំកាលពីខែឧសភាមក ក្រុមហ៊ុនជប៉ុនមួយនេះបានសម្រេចចិត្តលុបចោលផែនការផលិតរថយន្តបែបពាណិជ្ជកម្ម យកលំនាំតាមរថយន្តគម្រូ Lexus LF-ZC ហើយ។ រថយន្ត Sedan ដើរដោយថាមពលអគ្គិសនីសុទ្ធមួយនេះ ធ្លាប់ត្រូវបានគេលេចឮព័ត៌មានថានឹងបង្ហាញខ្លួននៅក្នុងឆ្នាំ២០២៧ ប៉ុន្តែត្រូវបានទម្លាក់ចោលវិញ ដោយសារតែក្តីបារម្ភលើកត្តាជាច្រើន រួមទាំងការរំពឹងទុកថាចំនួនតម្រូវការទីផ្សារមានកម្រិតទាប។
ទោះបីជាវានៅលឿនពេកក្នុងការសន្និដ្ឋានថា តើម៉ូឌែលណាខ្លះនឹងត្រូវកាត់ចោលក៏ដោយ ប៉ុន្តែវាមិនមែនជារឿងពិបាកក្នុងការបង្កើតបញ្ជីឈ្មោះរថយន្ត ដែលមានភាគរយខ្ពស់ក្នុងការប្រឈមមុខនឹងការលុបបំបាត់នោះឡើយ។ ជាក់ស្ដែងដូចជាម៉ូឌែល Mirai ហាក់ដូចជាគ្រាន់តែជាគម្រោងធ្វើឡើងដើម្បីបង្កើនមុខមាត់ក្រុមហ៊ុន តែប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះ ដោយក្រុមហ៊ុនលក់បានត្រឹមតែ ២១០ គ្រឿងគត់នៅក្នុងសហរដ្ឋអាមេរិកកាលពីឆ្នាំមុន។ ដើម្បីប្រៀបធៀបឲ្យឃើញពីទិដ្ឋភាពជាក់ស្តែងភ្នាក់ងារចែកចាយលក់រថយន្ត ម៉ូឌែល GR86 បានរហូតដល់ទៅ ៥៧៦ គ្រឿង គ្រាន់តែនៅក្នុងខែធ្នូម្នាក់ឯងប៉ុណ្ណោះ ពោលគឺច្រើនជាង Toyota Mirai លក់បានកាលពីឆ្នាំទៅទៀត។
ម៉ូឌែល Crown ក៏បានទទួលបរាជ័យក្នុងការទាក់ទាញចិត្តជនជាតិអាមេរិកផងដែរ ទោះបីជាបានព្យាយាមរួមបញ្ចូលគ្នានូវលក្ខណៈសម្បត្តិរវាងរថយន្ត Crossover និងរថយន្ត Sedan យ៉ាងណាក៏ដោយ។ ចំនួនលក់បានធ្លាក់ចុះជាង ៣៧% កាលពីឆ្នាំមុន មកនៅត្រឹម ១២ ៣០៩ គ្រឿងប៉ុណ្ណោះ ហើយក្រុមហ៊ុនអាចនឹងបង្វែរអតិថិជនទាំងនោះឲ្យទៅចាប់អារម្មណ៍លើម៉ូឌែល Camry ឬ Lexus ES វិញ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺម៉ូឌែល Crown Signia កំពុងតែមានការវិវត្តន៍ល្អប្រសើរឡើង ដោយសារតែចំនួនលក់បានកើនឡើងជាងទ្វេដង រហូតដល់ ២០ ៥៥០ គ្រឿង។ នោះគឺជាព័ត៌មានដ៏ល្អមួយ ប៉ុន្តែចំនួននេះគឺនៅមានគម្លាតឆ្ងាយខ្លាំងណាស់ បើធៀបទៅនឹងរថយន្ត Crossover ម៉ូឌែល Venza លក់បានចំនួន ៣២ ០៨៦ គ្រឿងកាលពីឆ្នាំ២០២៤។
ក្រឡេកទៅរថយន្ត Tundra គឺមានជម្រើសច្រើនសន្ធឹកសន្ធាប់ហួសប្រមាណ បើទោះបីជាការពិតទៅ ក្រុមហ៊ុនលក់ដាច់រថយន្តស៊េរីនេះបានត្រឹមតែប្រហែល ១៥០ ០០០ គ្រឿងប៉ុណ្ណោះក្នុងមួយឆ្នាំៗ។ ជាពិសេស ម៉ូឌែលនេះមានបំបែករហូតដល់ទៅ ១០ Options ព្រមទាំងមានជម្រើសទម្រង់ប្រវែងទ្រុង និងទំហំកាប៊ីន ដល់ទៅ ៤ ប្រភេទផ្សេងគ្នាទៀតផង។ ដូច្នេះនាពេលខាង Toyota អាចនឹងបង្រួមជម្រើស Option លើរថយន្ដម៉ូឌែលមួយចំនួន ដើម្បីកាត់បន្ថយថ្លៃចំណាយ ជាពិសេសផ្ដល់ជម្រើសស្រួលមិនឲ្យអតិថិជន ពិបាកជ្រើសរើសច្រើន៕





















