[ទីផ្សាររថយន្តបរទេស] Volkswagen បានបញ្ចប់ឆ្នាំ ២០២១ ជាម៉ាករថយន្តលក់ដាច់បំផុតនៅចក្រភពអង់គ្លេស ជាលើកដំបូងមិនធ្លាប់មាន ខណៈ Tesla Model 3 ជារថយន្តថ្មីដែលពេញនិយមបំផុតទី២ ក្នុងប្រទេស បន្ទាប់ពី Vauxhall (Opel) Corsa។
កាលពីឆ្នាំមុន ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen បានលក់រថយន្តដាច់ចំនួន ១៤៧ ៨២៦ គ្រឿងនៅទូទាំងចក្រភពអង់គ្លេស ដែលតំណាងឲ្យ ៨,៩៧ ភាគរយនៃទីផ្សាររថយន្តថ្មីសរុបរបស់អង់គ្លេស ដែលមានរថយន្តថ្មីចំនួន ១ ៦៤៧ ១៨១គ្រឿងត្រូវបានលក់។
Volkswagen ក៏ជាក្រុមហ៊ុនលក់ដាច់បំផុតដែរ ដោយវ៉ាដាច់ Audi ជាម៉ាកលក់ដាច់បំផុតទី២ ដែលមានរថយន្ត ១១៧ ៩៥៣ គ្រឿង, BMW មាន ១១៦ ៥៧៧ គ្រឿង, Ford មាន ១១៦ ៣០៥ គ្រឿង និង Toyota មាន ១០០ ៨៩៥ គ្រឿង។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ការលក់របស់ក្រុមហ៊ុន Volkswagen បានធ្លាក់ចុះ ០,៣៦ ភាគរយពីឆ្នាំ ២០២០ នៅពេលដែលវាបានលក់រថយន្តចំនួន ១៤៨ ៣៣៨ គ្រឿង ប៉ុន្តែគូប្រជែងមួយចំនួនរបស់វា បានជួបប្រទះនឹងការធ្លាក់ចុះគួរឲ្យកត់សម្គាល់ដែរ។ ជាឧទាហរណ៍ ការលក់របស់ក្រុមហ៊ុន Ford បានធ្លាក់ចុះ ២៣,៨៧ ភាគរយ ធៀបនឹងរថយន្ត ១៥២ ៧៧៧គ្រឿង ដែលវាបានលក់នៅក្នុងឆ្នាំ ២០២០៕