ក្រុមហ៊ុន Volkswagen បានចាប់ផ្តើមបើកឲ្យបញ្ជាទិញរថយន្ត Golf R ស៊េរីថ្មីឆ្នាំ២០២១ នៅក្នុងប្រទេសអង់គ្លេសហើយ ដោយវាមានតម្លៃចាប់ពី ៥២ ៥០០ដុល្លារ។
តម្លៃប៉ុណ្ណេះ ធ្វើឲ្យរថយន្តខ្នាតតូចនេះថ្លៃជាងគូប្រជែងដែលជាម៉ាក Premium ដូចជា Mercedes-AMG, Audi Sport និង BMW M ពោលគឺ A35, S3 Sportback និង M135i ទៅទៀត។
គួរឲ្យដឹងថា រថយន្ត Mercedes-AMG A35 មានតម្លៃចាប់ពី ៥១ ៩០០ដុល្លារ ខណៈ Audi S3 Sportback និង BMW M135i មានតម្លៃចាប់ពី ៥១ ៤៥០ដុល្លារ និង ៥០ ៤០០ដុល្លារ។
ទោះជាយ៉ាងណា រថយន្ត Volkswagen Golf R ថ្មីនេះ បំពាក់ម៉ាស៊ីន turbocharged ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣១៥សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៧វគ្គ ប្រភេទ DSG និងប៉ុងពីរ 4Motion AWD ជាមួយ ប្រព័ន្ធ Torque Vectoring មកស្តង់ដារ។
ជាលទ្ធផល វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៧វិនាទី ហើយមានល្បឿនអតិបរមាដល់ទៅ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។
អ្វីដែលរឹតតែគួរឲ្យភ្ញាក់ផ្អើលនោះគឺ Golf R ឆ្នាំ២០២១ មានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៨លីត្រ/១០០គីឡូម៉ែត្រប៉ុណ្ណោះ៕