[ទីផ្សារបរទេស] ក្រោយការក្ស័យសង្ខាររបស់រថយន្ត Passat នៅសហរដ្ឋអាមេរិក ពេលនេះរថយន្ត Arteon នឹងក្លាយជាជនរងគ្រោះបន្ទាប់ ក្រោយពីមានការរាយការណ៍ថារថយន្តនេះនឹងបញ្ឈប់ការផលិតនៅឆ្នាំ២០២៤។ យ៉ាងណាក្ដី រថយន្តនេះនឹងត្រូវជំនួសដោយរថយន្តម៉ូដែល ID. Aero។
រថយន្តអគ្គិសនី ID. Aero ធ្លាប់បានបង្ហាញរូបរាងជា Concept កាលពីដើមឆ្នាំ២០២២នេះ ដោយត្រូវបានចាត់ថ្នាក់ថាជារថយន្ត Sedan តម្លៃថ្លៃទំហំខ្នាតកណ្ដាល ដែលប្រើប្រាស់គ្រោងឆ្អឹង MEB។ ពេលនោះ Volkswagen មិនបានចេញព័ត៌មានអ្វីច្រើនឡើយ ប៉ុន្តែរថយន្ត Concept នេះប្រើអាគុយចំណុះ ៧៧kWh និងមានចម្ងាយបើកបរ ៦២០គីឡូម៉ែត្រ។
ដោយឡែក ក្រឡេកទៅមើលរថយន្ត Jetta ក៏ទំនងជាប្រឈមនឹងការបញ្ឈប់ការលក់ផងដែរ ដោយសារតែចំនួនលក់មានការធ្លាក់ចុះ។ Volkswagen បានលក់រថយន្ត Jetta បានចំនួន ១៨៣ ២៦២គ្រឿង នៅសហរដ្ឋអាមេរិក កាលពី១០ឆ្នាំមុន ប៉ុន្តែបានធ្លាក់ចុះមកនៅ ១០០ ៤៥៣គ្រឿង នៅឆ្នាំ២០១៩ និងបន្តធ្លាក់ចុះនៅត្រឹម ៥៥ ១១៣គ្រឿង ប៉ុណ្ណោះ កាលពីឆ្នាំ២០២១។
ចំណែករថយន្ត Golf វិញ តាមការចុះផ្សាយរបស់ Automotive News បានឲ្យដឹងថាអតិថិជនអាចរំពឹងថារថយន្ត Golf ប្រភេទ GTI និងប្រភេទ R ដែលប្ដូរមុខមាត់ថ្មី នឹងប្រកាសចេញនៅឆ្នាំ២០២៥ ខណៈដែលនៅឆ្នាំ២០២៦ អាចនឹងមានការប្រកាសចេញរថយន្ត SUV កៅអីបីជួរថ្មីសន្លាងមួយ៕