Volkswagen Arteon R ឆ្នាំ២០២១ ចេញតម្លៃខ្លួនខ្ទង់ ៧ម៉ឺនដុល្លារ

ក្រុមហ៊ុន Volkswagen ទើបតែបានប្រកាសចេញរថយន្ត Arteon R (តួខ្លួន Sedan) និង Arteon Shooting Brake R (គូទហើម) ស៊េរីឆ្នាំ២០២១ នៅចក្រភពអង់គ្លេសជាផ្លូវការ។

រថយន្ត Volkswagen Arteon R ឆ្នាំ២០២១ នេះ នឹងមានតម្លៃចាប់ពី ៧២ ៩០០ដុល្លារ ខណៈតម្លៃនេះគឺថ្លៃជាងគេ បើប្រៀបធៀបជាមួយគូប្រជែង BMW M440i ដែលមានតម្លៃត្រឹម ៦៩ ៩០០ដុល្លារ ឬ Audi S4 TDI តម្លៃ ៦៩ ២០០ដុល្លារ។ ដោយឡែក សម្រាប់ Arteon Shooting Brake R វិញ គឺមានតម្លៃរហូតដល់ ៧៤ ១០០ដុល្លារឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Arteon R ទាំង ២ម៉ូដែលនេះ បំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣១៥សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ DSG និងប៉ុងពីរ 4Motion ជាមួយមុខងារ torque vectoring មកស្តង់ដារតែម្តង។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៩វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

លក្ខណៈពិសេសមួយចំនួនលើរថយន្ត Arteon R ដែលខុសពីម៉ូដែល Arteon ធម្មតា មានដូចជា យ៉ាន់ Alloy ទំហំ ១៩អ៊ីញ, កាងមុខក្រោយ និង ប្រព័ន្ធបំពង់ស៊ីម៉ាំង៤ ជាដើម។ ក្រៅពីនោះ វាក៏មានបំពាក់ពូកស្បែក Nappa Leather រំលេចដោយថ្នេរដេរពណ៌ខៀវ ហើយមានមុខងារម៉ាស្សា, កម្តៅដៃចង្កូត និងប៊ូតុង “R” ផងដែរ។

បន្ថែមពីនេះទៅទៀត វាបំពាក់កុងទ័រឌីជីថលទំហំ ១០,២៥អ៊ីញ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៣តំបន់, ដំបូល Sunroof, ប្រព័ន្ធភ្លើងក្នុងកាប៊ីន ៣០ពណ៌, ចង្កៀងមុខ LED និង ប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិត២ ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម