VW Arteon នឹងអស់ជីវិតនៅឆ្នាំ២០២៤ ដោយម៉ូដែល ID. Aero ចូលមកជំនួស

[ទីផ្សារបរទេស] ក្រោយការក្ស័យសង្ខាររបស់រថយន្ត Passat នៅសហរដ្ឋអាមេរិក ពេលនេះរថយន្ត Arteon នឹងក្លាយជា​ជន​រង​គ្រោះ​បន្ទាប់ ក្រោយពីមានការរាយការណ៍ថារថយន្តនេះនឹងបញ្ឈប់ការផលិតនៅឆ្នាំ២០២៤។ យ៉ាងណាក្ដី រថយន្តនេះនឹងត្រូវជំនួស​ដោយរថយន្តម៉ូដែល ID. Aero។

រថយន្តអគ្គិសនី ID. Aero ធ្លាប់បានបង្ហាញរូបរាងជា Concept កាលពីដើមឆ្នាំ២០២២នេះ ដោយត្រូវបានចាត់ថ្នាក់ថា​ជារថយន្ត Sedan តម្លៃថ្លៃទំហំខ្នាតកណ្ដាល ដែលប្រើប្រាស់គ្រោងឆ្អឹង MEB។ ពេលនោះ Volkswagen មិនបាន​ចេញ​ព័ត៌មាន​អ្វី​ច្រើន​ឡើយ ប៉ុន្តែរថយន្ត Concept នេះប្រើអាគុយចំណុះ ៧៧kWh និងមានចម្ងាយ​បើកបរ ៦២០គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែក ក្រឡេកទៅមើលរថយន្ត Jetta ក៏ទំនងជាប្រឈមនឹងការបញ្ឈប់ការលក់ផងដែរ ដោយសារតែចំនួន​លក់​មាន​ការធ្លាក់​ចុះ។ Volkswagen បាន​លក់រថយន្ត Jetta បានចំនួន ១៨៣ ២៦២គ្រឿង នៅសហរដ្ឋ​អាមេរិក កាល​ពី​១០​ឆ្នាំ​មុន ប៉ុន្តែ​បាន​ធ្លាក់​ចុះមក​នៅ ១០០ ៤៥៣គ្រឿង នៅឆ្នាំ២០១៩ និងបន្ត​ធ្លាក់​ចុះ​នៅ​ត្រឹម ៥៥ ១១៣គ្រឿង ប៉ុណ្ណោះ កាលពីឆ្នាំ២០២១។

ចំណែករថយន្ត Golf វិញ តាមការចុះផ្សាយរបស់ Automotive News បាន​ឲ្យដឹងថាអតិថិជនអាចរំពឹងថារថយន្ត Golf ប្រភេទ GTI និងប្រភេទ R ដែលប្ដូរមុខមាត់ថ្មី នឹងប្រកាសចេញនៅឆ្នាំ២០២៥ ខណៈដែល​នៅ​ឆ្នាំ២០២៦ អាចនឹងមាន​ការ​ប្រកាស​ចេញ​រថយន្ត SUV កៅអីបីជួរថ្មីសន្លាងមួយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម