XPeng បង្ហាញវីដេអូធ្វើតេស្តឡានហោះ XPENG Huitian មុនពេលបង្ហាញខ្លួនជាផ្លូវការ (មានវីដេអូ)

[បរទេស] កាលពីចុងខែតុលា ឆ្នាំ ២០២២​ កន្លងទៅ នៅឯព្រឹត្តិការណ៍បច្ចេកវិទ្យារថយន្ត Xiaopeng “1024 Technology Day” លើកទី ៤ ដោយ XPENG បានបង្ហាញពី ទិន្នន័យស្រាវជ្រាវ និងអភិវឌ្ឍន៍ចុងក្រោយបង្អស់របស់រថយន្តអគ្គិសនីហោះ Xpeng Huitian របស់ខ្លួន ។

Xiaopeng Huitian X3 ជា​រថយន្ត​ហោះ​ដែល​អាច​បើកបរលើ​ផ្លូវ ​ឬ​ហោះ​បាន​ ដោយប្រព័ន្ធ flight system ត្រូវបានដាក់នៅផ្នែកខាងលើនៃរថយន្ត។ ម៉ូដែលនេះនឹងត្រូវបានធ្វើឲ្យប្រសើរឡើងសម្រាប់ផលិតកម្មដ៏ធំ និងបំពេញតាមតម្រូវការសុវត្ថិភាពអាកាសចរណ៍។

ពាណិជ្ជកម្ម

គំរូរថយន្តបានធ្វើតេស្តហោះបានជោគជ័យ នឹងជា​រថយន្ត​អគ្គិសនី​ហោះ​​ដំបូង​គេ​បង្អស់​របស់​ពិភពលោក បើទោះបីជារថយន្តនេះមានទម្ងន់លើសពី ២ ០០០ គីឡូក្រាមក៏ដោយ។ ក្នុងនោះ នាយកប្រតិបត្តិក្រុមហ៊ុន XPENG MOTORS លោក He Xiaopeng បាននិយាយកាលពីខែមិថុនាឆ្នាំនេះថា “មនុស្សជាច្រើនមិនជឿថារថយន្តហោះត្រូវបានបង្កើតឡើងនោះទេ។ ដើម្បី​បង្ហាញ​ពួកគេ មាន​វិធី​តែ​មួយ​គត់​ គឹការធ្វើឲ្យពួកគេ​ឃើញ​ដោយ​ផ្ទាល់ភ្នែក​»។

សម្រាប់រថយន្តនេះ កម្លាំងម៉ូទ័រអគ្គិសនីនិងអាគុយ គឺត្រូវបានទាមទារសមត្ថិភាពខ្ពស់ជាងរថយន្តអគ្គិសនីនៅលើផ្លូវដល់ទៅ ១០-១៥ ដង។ នាពេលបច្ចុប្បន្ន គ្មានផលិតផលអគ្គិសនីណាមួយអាចទ្រទ្រង់ថាមពលប្រភេទនេះបានទេ។ ក្នុងនោះលោក Xiaopeng Huitian ពឹងផ្អែកលើការស្រាវជ្រាវផ្ទាល់ខ្លួនរបស់គាត់ ដើម្បីទទួលបានកម្លាំងដ៏ខ្លាំងមួយនេះ។

កាលពីចុងឆ្នាំ ២០២១ ក្រុមហ៊ុន Xpeng Motors បានប្រកាសនៅក្នុងព្រឹត្តិការណ៍ Technology Day ថា ខ្លួននឹងបង្ហាញរថយន្តអគ្គិសនីហោះដែលមានឈ្មោះថា Xpeng Huitian ។ ទោះបីជាវាមើលទៅដូចជា Fantasy ក៏ដោយ Xpeng នឹងផលិតវាពិតប្រាកដ ហើយត្រូវបានគេ​រំពឹង​ថា មាន​តម្លៃ​លក់ ១៣៨ ៣៤៨ ដុល្លារនៅក្នុងប្រទេសចិន។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្ត XPeng មិនទាន់បានបញ្ចេញព័ត៌មានបច្ចេកទេស និងព័ត៌មានផ្សេងទៀតនៅឡើយទេ ប៉ុន្តែ រថយន្តហោះ Xpeng Huitian នឹងមានការផលិតទ្រង់ទ្រាយធំនៅឆ្នាំ ២០២៤ ៕

Sponsored