[ប្រទេសជប៉ុន] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការបង្ហាញចេញជាផ្លូវការនូវរថយន្ត ZR-V ក្នុងទីផ្សារប្រទេសប្រទេសជប៉ុន ដែលមានរូបរាងនៃការរចនាកាន់តែទាក់ទាញ បើប្រៀបធៀបជាមួយម៉ូឌែល ZR-V លើទីផ្សារប្រទេសចិន និង HR-V លើទីផ្សារសហរដ្ឋអាមេរិច។
ក្រឡេកមើលលើការឌីស្សាញគឺមានភាពស្រដៀងគ្នាទៅនឹងបងប្អូនរបស់ខ្លួននៅលើផ្សារប្រទេសចិន និងអាមេរិច លើកលែងភាពខុសគ្នានៃកាងខាងមុខ និងរបាប៉ាណាដែលឌីស្សាញឡើងបញ្ឈ មិនមែនជារាងសំបុក្រឃ្មុំ ព្រមទាំងឡូហ្គូ e:HEV ពណ៌ខៀវនៅផ្នែកខាងក្រោយ ដែលដំណាងអោយការដំណើរដោយម៉ាស៊ីនប្រភេទកូនកាត់។
ផ្នែកខាងក្នុងគឺដូចគ្នាផងដែរទៅនឹងម៉ូឌែលលើផ្សារប្រទេសចិន និងអាមេរិច ដែលឃើញមានការឌីស្សាញសំណាញ់នៃម៉ាស៊ីនត្រជាក់ជារាងសំបុក្រឃ្មុំ, អេក្រង់កម្សាន្តបញ្ឈនៅលើតាឡូកណ្តាល និងកុងទ័រប្រភេទឌីជីថល។ ប៉ុន្តែទោះជាយ៉ាងណា អតិថិជននៅជប៉ុនក៏នឹងទទួលបាននូវការឌីស្សាញថ្មីទៅលើចង្កឹះលេខស្វ័យប្រវត្តិ ដែលភ្ជាប់ជាមួយប៊ូតុងនៅចំកណ្តាល ដែលស្រដៀងគ្នានឹងម៉ូឌែល CR-V e:HEV និងប្រើប្រាស់នូវស្បែកប្រណិតផងដែរ។
កាន់តែពិសេស រថយន្ត ZR-V នេះនឹងផ្តល់នូវជម្រើសម៉ាស៊ីនប្រភេទ AWD Hybrid ដែលដំណើរការរួមគ្នារវាងម៉ាស៊ីនចំណុំ ២,០លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២។ ដោយថាមពលកម្លាំងក្រុមហ៊ុន Honda ពុំបានបង្ហាញនោះឡើយ ប៉ុន្តែគេរំពឹងថាវាអាចផលិតបានថាមពល ១៨១សេះ។ ក្រៅពីម៉ាស៊ីនកូនកាត់ ម៉ាស៊ីនចំហេះក្នុងក៏ផ្តល់ជូនផងដែរ ដោយមានចំណុះ ១,៥លីត្រ turbocharged ភ្ចាប់ដោយប្រអប់លេខ CVT និងបញ្ជូនថាមបលទៅកាន់កង់ទាំង ៤។
យោងតាមហទំព័ររបស់ Honda ក្នុងទីផ្សារប្រទេសជប៉ុន បានបង្ហាញថា Honda នឹងចាប់ផ្តើមទទួលការកក់ទុកមុនសម្រាប់រថយន្ត ZR-V នៅខែកញ្ញា ហើយចេញលក់លើទីផ្សារនៅចន្លោះខែ កញ្ញា-ធ្នូ ឆ្នាំ២០២២នេះ៕