[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan សហការគ្នាជាមួយក្រុមហ៊ុន Qoyuan បានធ្វើការចេញលក់ជាផ្លូវការនៅរថយន្ត Changan Q05 ប្រភេទ SUV ប្រភេទ plug-in hybrid ជាគូប្រជែងជាមួយ Yaris Cross មាន ៥ ម៉ូដែលជាមួយតម្លៃលក់ចាប់ពី ១៦ ៩៤២ ដុល្លារ ដល់ ២១ ១៨១ ដុល្លារនៅទីផ្សារប្រទេសចិន ។
រថយន្តប្រភេទ Crossover នេះមានការឌីស្សាញនៅផ្នែកខាងក្រៅ បំពាក់ប៉ាណាបិទជិតជាមួយរន្ធខ្យល់នៅជាប់កាងខាងក្រោម ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៉ីញ និងទា្វឃ្លុបក្រោយបើកបិទដោយថាមពលអគ្គិសនី ។
ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប៊្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ព្រមទាំងកៅអីស្បែកមុខងារខ្យល់-កំដៅផងដែរ ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីន plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២១៥ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ផ្គួបជាមួយអាគុយទំហំ ១៨,៩៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១២៥ គីឡូម៉ែត្រ ជាមួយកម្រិតស៊ីសាំងចន្លោះ ៥-៦ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕