[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅគំរូរថយន្ត Honda CI-MEV ប្រភេទអគ្គិសនីខ្នាតតូចកៅអី ២ បំពាក់ដោយប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិតទី ៤ ( Level 4 autonomous driving system ) ជាលើកដំបូងនៅឯពិពរណ៌រថយន្ត Japan Mobility Show 2023 នៅប្រទេសជប៉ុន ។
Honda CI-MEV បានបំពាក់ដោយបច្ចេកវិទ្យា Cooperative Intelligence (CI) របស់ Honda និងបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិកម្រិត ៤ ដែលអាចធ្វើដំណើរទៅកាន់គោលដៅដោយសុវត្ថិភាពដោយមិនចាំបាច់មានការគ្រប់គ្រងពីអ្នកបើកបរ ដោយផ្អែកនៅការប្រើកាមេរ៉ាខាងក្រៅដែលបានបំពាក់នៅជុំវិញរថយន្ត ដើម្បីចាប់សញ្ញាពេលមានឧបសគ្គដូចជា រថយន្ត កង់ អ្នកថ្មើរជើង និងច្រើនទៀត ប៉ុន្តែក្នុងករណីដែលចង់បើកបរដោយខ្លួនឯង ក៏មានភ្ជាប់មកជាមួយដៃចង្កូតផងដែរ។
គួរបញ្ជាក់ផងដែរដា បច្ចុប្បន្ននេះ ក្រុមហ៊ុន Honda មិនទាន់បង្ហាញព័ត៌មានលម្អិតអំពីថាមពលអគ្គិសនីរបស់ CI-MEV នៅឡើយទេ ប៉ុន្តែត្រូវបានគេនិយាយថានឹងបំពាក់ដោយអាគុយ Honda Mobile Power Pack e: ដែលអាចផ្លាស់ប្តូរដោយខ្លួនឯងបាន ផ្តល់នៅភាពងាយស្រួលក្នុងការសាកថ្ម។ លើសពីនេះ ក៏អាចឲ្យរថយន្តបន្តប្រើបានដោយមិនចាំបាច់រង់ចាំការសាថ្មដូចរថយន្តអគ្គិសនីដទៃទៀតដែរ ៕