ក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា) ឆ្លើយតបអំពីបញ្ហាកំហុសពីរោងចក្រ ទៅលើរថយន្ត Toyota Raize

ក្រុមហ៊ុន Toyota បានបញ្ចេញលក់នូវម៉ូឌែលរថយន្តថ្មីៗជាច្រើនទៅកាន់ទីផ្សារនា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយភ្ជាប់នូវការអភិវឌ្ឍបច្ចេកវិទ្យាធ្វើឱ្យប្រសើរឡើង រួមនិងការរចនាថ្មីទាំងអស់នៃរថយន្ត។ ក្នុងនោះដែរ Toyota Raize គឺជាជោគជ័យដ៏ធំបំផុតមួយនៅក្នុងបណ្ដាទីផ្សារជាច្រើននៅអាស៊ីក៏ដូចជានៅក្នុងប្រទេសកម្ពុជា ដែលចាប់យកតម្រូវការអ្នកប្រើប្រាស់ក្នុងទីក្រុង និងបណ្ដាខេត្តនានា ជាមួយនឹងរូបរាងរថយន្តដែលត្រូវបានស្គាល់ថាជារថយន្ត SUV ស៊េរីថ្មីខ្នាតតូច។

យើងកត់សម្គាល់ឃើញថា អ្នកដែលកំពុងប្រើប្រាស់ និងមានបំណងចង់ទិញរថយន្ត Toyota RAIZE បានចាប់អារម្មណ៍លើព័ត៌មានថ្មីចុងក្រោយរបស់រថយន្តនេះ ជាពិសេសព័ត៌មានពីប្រទេសវៀតណាម ដែលមានរថយន្ត Toyota RAIZE ចំនួន ១៩១ គ្រឿងត្រូវបានអញ្ជើញយកមកវិញដើម្បីពិនិត្យ និងជួសជុលបញ្ហាដែលជាកំហុសពីរោងចក្រដើម្បីអោយប្រាកដថាប្រព័ន្ធទាំងមូលមិនមានកំហុសណាមួយនិងឆ្លើយតបទៅនឹងស្តង់ដាសុវត្ថិភាព។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សារព័ត៌មាន ខេមបូ អូតូ បានទាក់ទងទៅក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដើម្បីបញ្ជាក់ថាតើករណីនេះមានផលប៉ះពាល់ និងពាក់ព័ន្ធដល់រថយន្ត Toyota Raize លក់នៅក្នុងទីផ្សារប្រទេសកម្ពុជាយើងដែរឬយ៉ាងណា? លោក អឹក វណ្ណៈ ប្រធានផ្នែកបច្ចេកទេស នៃក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ក៏បានឆ្លើយតបនឹងសំណួរជាច្រើនដូចខាងក្រោមពាក់ព័ន្ធនឹងករណីនេះ៖ 

១.​ តើ​រថយន្ត​ថ្មីដែលចេញពីរោងចក្រហើយត្រូវអញ្ជើញយក​មកពិនិត្យឡើង​វិញ​បន្ទាប់​ពី​ប្រគល់ជូនអតិថិជន​ជា​រឿង​ធម្មតា​ដែរទេ?

លោក អឹក វណ្ណៈ៖ នៅក្នុងប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿន សុវត្ថិភាពសាធារណៈជារឿងសំខាន់ ហើយវាជាព្រឹត្តិការណ៍ទូទៅនៅក្នុងសហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ី។ ផលិតផលដែលត្រូវបានអញ្ជើញយក​មកពិនិត្យឡើង​វិញគឺជាសកម្មភាពនៃការបង្ការ និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនផលិតរថយន្តដើម្បីធានានូវសុវត្ថិភាព អតិថិជន និងគ្រួសាររបស់ពួកគេ។

២. រហូតមកដល់ពេលនេះ តើរថយន្ត Toyota Raize នៅកម្ពុជាមានជាប់ពាក់ព័ន្ធ និងករណីនេះ ដូចនៅប្រទេសវៀតណាមដែរឬទេ ហើយបើមានតើមានប៉ុន្មានគ្រឿងដែរ? 

លោក អឹក វណ្ណៈ៖ តាមទិន្និន័យដែលយើងទទួលបានពីរោងចក្រតម្លើងរថយន្តតូយ៉ូតា សម្រាប់កម្ពុជាផ្ទាល់មានតែរថយន្ត ដែលបានផលិត និងតម្លើងក្នុងកំឡុងខែកញ្ញា ដល់ខែតុលា ឆ្នាំ ២០២១ ប៉ុណ្ណោះដែលពាក់ព័ន្ធ ហើយវាមានចំនួន ៥៥ គ្រឿងក្នុងចំណោមរថយន្តដែលបានលក់ចេញក្នុងឆ្នាំ ២០២១ បន្ទាប់ពីបានបើកលក់នៅកម្ពុជា។ មួយវិញទៀតដែរ ចំពោះរថយន្តដែលបានប្រគល់ចាប់តាំងពីដើមឆ្នាំ ២០២២ មិនស្ថិតក្នុងបញ្ជីដែលតម្រូវឱ្យត្រូវបានអញ្ជើញយក​មកពិនិត្យឡើង​វិញនោះទេ។ យើងខ្ញុំបាននិងកំពុងទាក់ទងទៅកាន់អតិថិជនដើម្បីមកទទួលសេវាកម្មនៅក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)។ យើងខ្ញុំយកចិត្តទុកដាក់បំផុតចំពោះសេវាកម្មក្រោយការលក់ និងតាមដានរថយន្តដែលបានលក់ចេញយ៉ាងខ្ជាប់ខ្ជួន។

៣. តើ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) រកឃើញបញ្ហាដោយរបៀបណា?

លោក អឹក វណ្ណៈ៖ យើងខ្ញុំបានទទួលព័ត៌មានពីរោងចក្រតម្លើង រថយន្ត តូយ៉ូតា ដោយផ្ទាល់ក្នុងនាមជាអ្នកតំណាងចែកចាយនៅកម្ពុជា ហើយលើសពីនេះទៅទៀតពួកយើងទទួលបានការណែនាំយ៉ាងលម្អិតពីដំណើរការបច្ចេកទេសក្នុងការកែតម្រូវដើម្បីធ្វើឱ្យប្រាកដថារថយន្តរបស់អតិថិជនកាន់តែមានសុវត្ថិភាពខ្ពស់និងធន់ក្នុងការប្រើប្រាស់បន្តទៅទៀត។ 

៤. អតិថិជនត្រូវចំណាយប៉ុន្មានដែរក្នុងការជួសជុលនេះ? 

លោក អឹក វណ្ណៈ៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ទទួលខុសត្រូវទាំងស្រុងក្នុងការរក្សាគុណភាពរបស់រថយន្ត តូយ៉ូតា និងសុវត្ថិភាពជូនអតិថិជន ហើយចំពោះករណីនេះគឺមិនមានការគិតថ្លៃអ្វីទាំងអស់។

អ្នកប្រើប្រាស់ Toyota RAIZE នៅតែអាចទាក់ទងទៅផ្នែកទំនាក់ទំនងអតិថិជន ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ប្រសិនបើមានបំណងសាកសួរ ឬស្វែងយល់បន្ថែមអំពីការអញ្ជើញត្រឡប់យករថយន្តមកពិនិត្យឡើងវិញនេះ។ អតិថិជន​អាច​ទាក់​ទង​តាម​ទូរសព្ទ​លេខ ០១៧ ២២២ ៨៥៧៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម