រថយន្ត Aston Martin DBX ដែលគេទន្ទឹងរង់ចាំយ៉ាងអន្ទះសានោះ ត្រូវបានក្រុមហ៊ុនបង្ហាញចេញរូបរាងជាផ្លូវការ ដែលនេះគឺជារថយន្ត SUV ដំបូងរបស់ក្រុមហ៊ុន Aston Martin។
រូបភាពផ្លូវការបានបង្ហាញថាម៉ូដែល DBX នេះមានការឌីហ្សាញខាងមុខ មិនចាកឆ្ងាយពីរថយន្តម៉ូដែលមុនៗរបស់ក្រុមហ៊ុន Aston Martin នោះទេ ជាពិសេសនៅត្រង់រន្ធខ្យល់ខាងមុខមានរាងដូចមាត់តែម្ដង។ រថយន្តដែលបង្ហាញក្នុងរូបភាពមានពណ៌ក្រហម ប៉ុន្តែគ្រឿងផ្នែកខាងក្រោមមានពណ៌ខ្មៅ ដែលធ្វើឲ្យរថយន្តនេះទាក់ភ្នែកមហាជន។
រថយន្តនេះប្រើម៉ាស៊ីន AMG ប្រភេទ Twin-Turbo ចំណុះ ៤,០ លីត្រ ៨ ស៊ីឡាំង ដែលមានកម្លាំង ៥៤២ សេះ។ វាអាចបង្កើនសន្ទុះពី ០ ដល់ ១០០ គ.ម/ម៉ ដោយប្រើពេលតែ ៤,៥ វិនាទី និងអាចជិះដល់ល្បឿន ២៩១ គ.ម/ម៉។
ត្បិតថាជារថយន្តមហាកម្លាំងមួយ ប៉ុន្តែផ្នែកខាងក្នុងមានការឌីហ្សាញពោរពេញដោយប្រណីតភាពខ្ពស់ ដែលជាទីកន្លែងពិសេសមួយសម្រាប់ចំណាយពេល។ នៅពីក្រោយចង្កូតគឺមានកុងទ័រឌីជីថលទំហំ ១២,៣ អ៊ីញ, នៅចំកណ្ដាលមានអេក្រង់ ១០,២៥ អ៊ីញ សម្រាប់បញ្ជាមុខងារផ្សេងៗ។ រថយន្តនេះក៏អាចមុខងារ Apple CarPlay ផងដែរ។
អតិថិជននៅសហរដ្ឋអាមេរិកអាចទិញរថយន្ត Aston Martin DBX នេះ ដែលមានតម្លៃចាប់ពី ១៨៩ ០០០ ដុល្លារ ហើយនៅចក្រភពអង់គ្លេសមានតម្លៃចាប់ពីប្រមាណ ២០ ម៉ឺនដុល្លារ និងនៅអាល្លឺម៉ង់ចាប់ពីជាង ២១ ម៉ឺនដុល្លារ៕