[បរទេស] បន្ទាប់ពីបានធ្វើការដាក់បង្ហាញគំរូរថយន្តរបស់ខ្លួនជាង ១ ឆ្នាំមក ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនី Kia EV9 ប្រភេទ SUV កៅអី ៣ ជួរខ្នាតធំ ដែលមានរូបរាងដូចគ្នាទៅនឹងគំរូរបស់ខ្លួន ជាមួយការឌីស្សាញយ៉ាងទាក់ទាញ គ្រោងនឹងដាក់លក់នៅចុងឆ្នាំ ២០២៣ ឬ ដើមឆ្នាំ ២០២៤ ។
រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង E-GMP platform មានប្រវែងតួខ្លួនសរុប ៤ ៩៣០ ម.ម ទទឹង ២ ០៥៥ ម.ម កំពស់ ១ ៧៩០ ម.ម និងប្រវែងគន្លាតកងមុខ-ក្រោយ ៣ ១០០ ម.ម ។ KIA EV9 ភ្ជាប់មកជាមួយការរចនាជាជ្រុងៗ បានរក្សានៅទស្សនវិជ្ជារចនា “Opposites United” ថ្មីរបស់ Kia ពោរពេញដោយបច្ចេកវិទ្យាទំនើបៗ។ សម្រាប់ផ្នែកខាងមុខ KIA បានឲ្យឈ្មោះថា “Digital Tiger Face” ដែលមានប៉ាណាបិទជិត ភ្ជាប់ជាមួយសំណុំចង្កៀង ដោយអំពូលភ្លើងពេលថ្ងៃរាងវែង ប្រភេទ Star Map LED, កាងខាងមុខតុបតែងជាមួយក្រូម៉េ, ប្រើប្រាស់ថាសកង់ស្ព័រទំហំ ២២ អ៊ីញជំនួយដល់ប្រព័ន្ធ aerodynamic ដំបូលត្រូវបានបំពាក់ដោយបន្ទះសូឡា, កាង spoiler លយចេញក្រៅ និងសំណុំចង្កៀងក្រោយរចនាស៊ីគ្នាទៅនឹងផ្នែកខាងមុខ ។
ចំពោះនៅខាងក្នុងកាប៊ីនវិញ មានជម្រើសកៅអីសម្រាប់ជ្រើសរើសពី ៦ ទៅ ៧ កៅអី បានតុបតែងជា ២ ពណ៌ បំពាក់ដោយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ រួមចូលគ្នាជាអេក្រង់ភ្លោះបញ្ឈរ ជាមួយនឹងអេក្រង់ទំហំ ៥ អ៊ីញ សម្រាប់ការបញ្ជាប្រព័ន្ធម៉ាស៊ីនត្រជាក់ ។ កៅអីជួរទី ២ អាចបង្វិលបាន ១៨០ ដឺក្រេ ខណះកៅអីអ្នកដំណើរជួរទី ៣ មានកន្លែងដាក់ដបទឹក និងរន្ធសាកថ្មជាដើម។
ក្រុមហ៊ុន Kia នៅមិនទាន់បង្ហាញព័ត៌មានជាក់លាក់ជាងនេះទេ ប៉ុន្តែរថយន្តអគ្គិសនីរំពឹងថានឹងអាចបើកបរបានចម្ងាយលើសពី ៤៨០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ។ សម្រាប់ផលិតកម្មត្រូវបានគេរំពឹងថានឹងចាប់ផ្តើមរដូវស្លឹកឈើជ្រុះនេះ ហើយខណៈពេលដែលតម្លៃមិនត្រូវបានប្រកាស ប៉ុន្តែតាមការលេចធ្លាយបានបង្ហាញថាវាអាចចាប់ផ្តើមពីប្រហែល ៥៦ ០០០ ដុល្លារ ដល់ ៧០ ០០០ ដុល្លារ ។ សម្រាប់ព័ត៌មានលម្អិតបន្ថែមទៀតយើងនឹងរងចាំមើលនៅចុងខែនេះ ៕