ជាថ្មីម្តងទៀត! Tesla Model 3 បានបើកទៅបុករថយន្តប៉ូលីស បណ្តាលអោយរងការខូចខាតយ៉ាងធ្ងន់ធ្ងរ

កាលពីមួយសប្តាហ៍មុនកន្លងទៅ រថយន្តប៉ូលីសមួយគ្រឿងប្រចាំទីក្រុង Orlando នៃរដ្ឋ Florida បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីរថយន្ត Tesla Model 3 ឆ្នាំ២០១៩ បានបើកបុក ដោយម្ចាស់រថយន្តបានស្តីបន្ទោសទៅលើមុខងារបើកបរពាក់កណ្តាលស្វ័យប្រវត្តិ Autopilot System។

ហេតុការណ៍នេះកើតឡើងនៅខណ:ពេលកម្លាំងល្បាតកំពុងឈប់ដើម្បីជួយរថយន្ត Mercedes-Benz ដែលមានបញ្ហានៅតាមផ្លូវ។ ភ្លាមៗនោះរថយន្តអគ្គិសនី Tesla បានបើកលឿនជ្រុលទៅបុកចំចំហៀងខាងឆ្វេងរថយន្តប៉ូលីស ហើយបានជ្រុលទៅបុកចំពីមុខរថយន្ត Mercedes-Benz ដែលបណ្តាលអោយរថយន្ត Tesla និងរថយន្តប៉ូលីសរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែពិតជាសំណាងពុំមាននរណារងរបួសឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយហេតុការណ៍នេះ ស្ត្រីជាអ្នកបើកឡាន Tesla បាននិយាយថា មុនពេលកើតហេតុមិនយូរប៉ុន្មាន នាងបានបើកដំណើរការមុខងារជំនួយអ្នកបើកបរ Autopilot ខណ:ពេលមូលហេតុជាក់លាក់ពិតប្រាកដកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលីសនៅឡើយ។

គួររំលឹកផងដែរថា កាលពីពាក់កណ្តាលខែសីហាកន្លងទៅ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេអាមេរិក (NHTSA) បានបើកការស៊ើបអង្កេតលើប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តិ Autopilot លើរថយន្តស៊េរី Tesla ដែលផលិតនៅចន្លោះឆ្នាំ ២០១៤-២០២១ ខណ:ពេលវាបានបង្កអោយមានឧបទេវហេតុចំនួន ១១កន្លងមក (ចុចទីនេះដើម្បីអានលម្អិត)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម