រថយន្ត Tesla ជាង ៧០ម៉ឺនគ្រឿងនឹងរងការស៊ើបអង្កេត បន្ទាប់ពីបង្កអោយមានគ្រោះថ្នាក់កើតឡើង ១១លើក ចាប់ពីឆ្នាំ ២០១៨មក

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិ National Highway Traffic Safety Administration ឬហៅកាត់ថា NHTSA បានធ្វើការប្រកាសថាខ្លួននឹងបើកការស៊ើបអង្កេតបឋមទៅលើប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ( Autopilot) ឬ Intelligent Cruise Control លើរថយន្ត Tesla ដែលបានផលិតចន្លោះពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២១នេះ បន្ទាប់ពីមានឧប្បត្តិហេតុចុងក្រោយ បុករថយន្តសង្គ្រោះបន្ទាន់។

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិ NHTSA បានបង្ហាញថា ចាប់តាំងពីខែមករា ឆ្នាំ ២០១៨មក រថយន្ត Tesla បានបង្កអោយមានគ្រោះថ្នាកចរាចរណ៍ចំនួន ១១ករណី។ ក្នុងចំណោម ១១ករណីនេះបានបណ្តាលអោយមានអ្នករងរបួស ១៧នាក់ និងស្លាប់ ១នាក់។ យោងតាមទិន្នន័យរបស់ទីភ្នាក់ងារនេះភាគច្រើននៃគ្រោះថ្នាក់ទាំង ១១ បានកើតឡើងនៅពេលយប់ ដែលអាចបណ្តាលមកពីប្រព័ន្ធបើកបររបស់ Tesla មិនអាចចាប់បានភ្លើងចំណាំងផ្លាត់, ភ្លើងស៊ីរ៉ែន និងស្លាកសញ្ញាតាមផ្លូវកោងជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្រោះថ្នាក់នេះ យោងតាមសារព័ត៌មាន Reuters បានបង្ហាញថារថយន្តអគ្គិសនីរបស់ Tesla ប្រហែល ៧៦៥ ០០០ គ្រឿងរួមមាន Model 3, Model S, Model X និង Model Y នឹងត្រូវបានចូលរួមនៅក្នុងការស៊ើបអង្កេតនេះ។

គួររំលឹកផងដែរថា Autopilot មិនមែនជាបច្ចេកវិទ្យាបើកបរដោយខ្លួនឯងពេញលេញដូចមនុស្សជាច្រើនគិតនោះទេ។ វាគឺជាបណ្តុំនៃមុខងារជំនួយការបើកបរជាច្រើនដូចជា Intelligent cruise control, Lane keeping assist និង Lane change assist ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម