កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Hyundai Motor បានប្រកាសពីគម្រោងសាងសង់រោងចក្រផលិតរថយន្តដំបូងរបស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី ដោយវិនិយោគទឹកប្រាក់ចំនួន ៤៧៥,២ លានដុល្លារ។ រោងចក្រនេះ នឹងត្រូវបានស្ថាបនាឡើងនៅក្នុងទីក្រុង Kulim ក្នុងរដ្ឋ Kedah ហើយគ្រោងបើកដំណើរការនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ។
ក្នុងនោះ ការប្រកាសនេះ ត្រូវបានធ្វើឡើងដោយលោក Tengku Datuk Seri Zafrul Abdul Aziz រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសម៉ាឡេស៊ី ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយដែលបានធ្វើឡើងសម្រាប់ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីដែលអមដំណើរលោកនាយករដ្ឋមន្រ្តី Datuk Seri Anwar Ibrahim ទៅកាន់ប្រទេសកូរ៉េខាងត្បូង។
ចំពោះគម្រោងនេះ គ្រោងនឹងផលិតរថយន្តចំនួន ៧ ម៉ូដែលក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ហើយត្រូវបានរំពឹងថានឹងបង្កើតឱកាសការងារជាច្រើនសម្រាប់ជនជាតិមូលដ្ឋាន។ លើសពីនេះទៅទៀត ការវិនិយោគនេះក៏បានបង្ហាញថាក្រុមហ៊ុន Hyundai នៅតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើទីផ្សាររថយន្តក្នុងតំបន់ អាស៊ាន ដោយផ្តោតសំខាន់ទៅលើការផលិតរថយន្តដែលមានតម្រូវការខ្ពស់ដូចជា Hyundai Santa Fe និង Hyundai Ioniq 5 ។
ជាមួយនឹងការវិនិយោគថ្មីនេះ ប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលផលិតកម្មដែលមានសក្ដានុពលបំផុតក្នុងតំបន់ ដោយលើកស្ទួយសេដ្ឋកិច្ចក្នុងស្រុក និងពង្រឹងសមត្ថភាពរបស់ឧស្សាហកម្មរថយន្តក្នុងស្រុកសម្រាប់អនាគត៕