ធ្លាប់តែលឺគេហៅថាព្រុយត្រីឆ្លាម (Shark Fin) តិចអត់ដឹងពីមុខងាររបស់វា | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] កាលពីសម័យមុន គេឃើញមានរថយន្តជាច្រើន បានប្រើប្រាស់នូវអង់តែនវែង ដូចទូរទស្សន៍ និងវិទ្យុ ដោយលានចេញមកក្រៅនៅផ្នែកខាងមុខក្បែរម៉ាស៊ីន ឬក៏នៅផ្នែកខាងក្រោយក្បែរឃ្លុប ឬក៏វានៅនៅលើដំបូលក្រោយម្ដង ដោយមុខងារចម្បងរបស់វាគឺសម្រាប់ចាប់យករលកសញ្ញាផ្សាយរបស់ស្ថានីយ៍វិទ្យុ ទាំងប្រេកង់ប្រភេទAM និងFM។ តែមកដល់រថយន្តស៊េរីទំនើបក្រោយៗនេះវិញគេសង្កេតឃើញថាអង់តែន ចេញមកឆ្កុយនោះ បានបាត់ពីតួរថយន្តទាំងមូលហើយ ប៉ុន្តែវាបានជំនួសមកវិញ នូវព្រុយត្រីឆ្លាម (Shark Fin) ដែលមានទីតាំងនៅលើដំបូលរថយន្ត ជួរកណ្ដាល ផ្នែកខាងក្រោយបង្អស់ គឺនៅលើកញ្ចក់ខាងក្រោយនោះតែម្ដង។ ជាការពិតណាស់ ព្រុយត្រីឆ្លាមនេះគឺប្រៀបដូចជាអង់តែនជំនាន់ថ្មីសម្រាប់បំពាក់លើរថយន្តទំនើបដូច្នោះឯង ប៉ុន្តែសម្រាប់ការរចនានិងមុខងាររបស់វាមានភាពទំនើបនិងមានប្រសិទ្ធភាពខ្ពស់ជាងអង់តែនឆ្កុយកាលពីសម័យមុនឆ្ងាយ។

បើនិយាយពីមុខងារចម្បងវិញព្រុយត្រីឆ្លាមនេះមិនមែនត្រឹមតែមានមុខងារចាប់យករលកសញ្ញាផ្សាយចេញរបស់វិទ្យុAMនិងFMប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចចាប់យកការផ្សាយរបស់វិទ្យុដែលប្រើផ្កាយរណប (Satellite Radio) និង ប្រព័ន្ធប្រាប់ទីតាំង GPS មកស្រាប់នៅក្នុងរថយន្តហើយពិសេសបំផុតសម្រាប់រថយន្តទំនើបម៉ូដែលមួយចំនួនគឺព្រុយត្រីឆ្លាមនេះអាចជួយបន្ថែមសមត្ថភាពក្នុងការប្រើប្រាស់អ៊ីនធឺណិតស៊ីមកាត (Cellular Data) នៅក្នុងរថយន្តផ្ទាល់ផងដែរ។ ងាកមកការរចនាវិញម្ដង បើប្រៀបធៀបនឹងអង់តែនវែងលានចេញខ្ពស់ទៅខាងលើ ព្រុយត្រីឆ្លាមមានរាងទាប មិនងើយខ្ពស់ ហើយមាំល្អ មិនអាចបាក់ដូចអង់តែនវែងឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មួយវិញទៀតអង់តែនវែង ពេលបើកបរលឿន ប៉ះនឹងខ្យល់ខ្លាំងអាចបណ្ដាលឲ្យរេ អាចបាក់ ហើយការចាប់យករលកសញ្ញាអាចមានការរំខានច្រើន បើប្រៀបជាមួយនឹងព្រុយត្រីឆ្លាមនៅនឹងល្អហើយឈ្នះខ្យល់ (Aerodynamic) ទៀតផងព្រោះរូបរាងវារចនាឡើយស្របតាមទិសល្បឿននៃរថយន្ត នៅចំកណ្ដាល ហើយផ្ទៃប៉ះនឹងខ្យល់ក៏តូចដែរ។ និងកាន់តែពិសេសជាមួយការរចនា អង់តែនប្រភេទថ្មីស្ថិតក្រោមទម្រង់ជាព្រុយត្រីឆ្លាម ដែលមានរូបរាងស្អាតសាកសមជាមួយរថយន្តគ្រប់ប្រភេទ មិនថា Sedan ឬក៏ SUV នោះឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម