Rolls-Royce បានបញ្ជាក់ថាខ្លួននឹងប្រែក្លាយជាម៉ាកយីហោយានយន្តអគ្គិសនីសុទ្ធក្នុងពេលអនាគត ប៉ុន្តែមកទល់ពេលនេះរថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុននៅមិនទាន់បង្ហាញមុខនៅឡើយទេ។
យ៉ាងណាក្ដី នាពេលនេះអតិថិជនអាចទិញរថយន្ត Rolls-Royce អគ្គិសនីបាន ប៉ុន្តែគ្រាន់តែមិនមែនផលិតដោយក្រុមហ៊ុន Rolls-Royce។ ក្រុមហ៊ុនជំនាញខាងកែច្នៃរថយន្តបុរាណជារថយន្តអគ្គិសនីរបស់អង់គ្លេសឈ្មោះថា Lunaz បានចាប់ផ្ដើមផលិតរថយន្ត Rolls-Royce បុរាណប្រភេទអគ្គិសនីដំបូងគេ ដែលមានម៉ូដែល Phantom V និង Silver Cloud។
រថយន្ត Phantom V និង Silver Cloud ប្រភេទអគ្គិសនីនឹងមានផលិតសរុបត្រឹម ៣០គ្រឿងប៉ុណ្ណោះ។ រថយន្តដែលគេផលិតបានដំបូងគឺ Rolls-Royce Phantom V ស៊េរីឆ្នាំ ១៩៦១ ដែលបានឆ្លងកាត់ការជួសជុលទាំងស្រុង និងបានផ្លាស់ប្ដូរប្រព័ន្ធម៉ាស៊ីន ហើយបានបន្ថែមនូវ Software ពីលើផងដែរ។
សម្រាប់រថយន្ត Phantom V គេបានបំពាក់អាគុយទំហំ ១២០kWh ដែលអាចបើកបរបានចម្ងាយជាង ៤៨៣គីឡូម៉ែត្រពេលសាកភ្លើងពេញ។ ចំណែក Silver Cloud វិញមានបំពាក់អាគុយទំហំ ៨០kWh ដែលអាចឲ្យរថយន្តជិះបានចម្ងាយលើសពី ៤៨៣គីឡូម៉ែត្រ។
គួរដឹងថារថយន្ត Rolls-Royce Silver Cloud របស់ Lunaz មានតម្លៃចាប់ពី ៤៦៣ ០០០ដុល្លារ (មិនគិតបញ្ចូលពន្ធក្នុងស្រុក) ចំណែករថយន្ត Rolls-Royce Phantom V វិញមានតម្លៃចាប់ពី ៦៦១ ៥០០ដុល្លារ៕