
កាលពីពេលថ្មីៗនេះក្រុមហ៊ុន Dacia បានបង្ហាញនូវគំនិតរថយន្ត Hipster Concept ជារថយន្ដអគ្គិសនីខ្នាតតូច ផ្ដោតសំខាន់ក្នុងការប្រើប្រាស់នៅក្នុងទីក្រុង។ រឿងមួយដែលធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលគឺរថយន្ដគម្រូនេះ ផលិតមកគ្មានបំពាក់មកជាមួយអេក្រង់កម្សាន្ត និង ឧបករណ៍បំពងសំឡេងនោះទេ។
មូលហេតុដែលពួកគេមិនបានបំពាក់អេក្រង់កម្សាន្ដគឺដោយក្រុមហ៊ុនបានបង្កើតបច្ចេកវិទ្យា Bring Your Own Device (BYOD) មានកន្លែងសម្រាប់ដាក់ទូរស័ព្ទដៃ ដែលអនុញ្ញាត ឲ្យអតិថិជនអាចដាក់ទូរស័ព្ទរបស់អ្នកប្រើប្រាស់ដើរតួជាអេក្រង់កម្សាន្ដ, សោឌីជីថលនិងភ្ជាប់ជាមួយឧបករណ៍បំពងសំឡេង Bluetooth ផ្ទាល់ខ្លួនបាន ដើម្បីប្រើសម្រាប់ការកម្សាន្ដទូទៅ។ ការសម្រេចធ្វើបែបនេះគឺដើម្បីកាត់បន្ថយថ្លៃដើមរបស់រថយន្ដ ជាពិសេសក៏ការផ្ដល់អារម្មណ៍ប្លែកមួយដល់អតិថិជន។
សម្រាប់ការរចនាផ្នែកខាងក្រៅនៃរថយន្ត Dacia Hipster Concept ជាប្រភេទរថយន្ដទ្វារ២ រចនាផ្តោតសំខាន់លើភាពសាមញ្ញមិនស្មុគស្មាញច្រើមនិងភាពរឹងមាំ។ រថយន្តនេះរចនាមានរាងក្រាស់និងបែបជ្រុងៗ ផ្នែកខាងមុខបានបំពាក់មកជាមួយអំពូលភ្លើងមុខដូចជាគ្រាប់ភ្នែក ខណៈផ្នែកខាងក្រោយបំពាក់មកជាមួយស្ដុកបែបបញ្ឍរ។
នៅផ្នែកខាងក្នុងរថយន្ដអាចផ្ទុកមនុស្សពេញវ័យបានចំនួន បួននាក់ អង្គុយបានយ៉ាងស្រួល។ សម្រាប់កៅអីរបស់វា ត្រូវបានរចនាយ៉ាងសាមញ្ញ មានគ្រោងឆ្អឹងដែលមើលឃើញ និងប្រើប្រាស់ក្រណាត់សំណាញ់ ចំពោះ កៅអីខាងក្រោយអាចបត់បាន ដើម្បីពង្រីកសមត្ថភាពផ្ទុកឥវ៉ាន់ពី ៧០ លីត្រ ទៅ ៥០០ លីត្រ។ Dacia អះអាងថា រថយន្ដនេះមាន ទម្ងន់ស្រាលជាង ២០% បើធៀបនឹងរថយន្ត Spring City Car មានទម្ងន់ ៩៨៤ គីឡូក្រាម។ នេះមានន័យថា វាមានមកម្រិតសុីថាមពលតិចនិងសន្សំសំចៃខ្លាំង។ លើសពីនេះរថយន្ដអាចប្រើ អាគុយតូចជាងរថយន្ដ Spring City Car ដើម្បីបំពេញតម្រូវការរបស់អតិថិជន ចង់បានរថយន្ដដែលមានតម្លៃសមរម្យ។ សម្រាប់កម្រិតសមត្ថភាពបើកបរក្រុមហ៊ុនមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេ។
គួររំលឹកក្រុមហ៊ុន Dacia ដែលបានបង្កើតឡើងនៅឆ្នាំ ១៩៦៨ និងត្រូវបានដាក់ឱ្យដំណើរការឡើងវិញដោយ Renault Group នៅឆ្នាំ ២០០៤ តែងតែផ្តល់ជូននូវរថយន្តដែលមាន តម្លៃសមរម្យបំផុត ដោយកំណត់និយមន័យឡើងវិញនូវអ្វីដែលសំខាន់។ ម៉ូដែលរបស់ខ្លួន រួមមាន Sandero, Duster, Jogger, និង Spring បានក្លាយជាម៉ូដែលលេចធ្លោនៅក្នុងទីផ្សារ។
Dacia មានវត្តមាននៅក្នុង ៤៤ ប្រទេស និងបានលក់រថយន្តបានជាង ៩ លានគ្រឿង ចាប់តាំងពីឆ្នាំ ២០០៤ មក។ ម៉ាកយីហោនេះក៏បានចាប់ផ្តើមដំណើរការនៅក្នុងចក្រភពអង់គ្លេសនៅក្នុងខែមករា ឆ្នាំ ២០១៣ ដែលជាកន្លែងដែលខ្លួនបានលក់រថយន្តបានជាង ២៦០,០០០ គ្រឿង មកទល់ពេលបច្ចុប្បន្ន៕