[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Jeep បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Grand Cherokee ស៊េរីថ្មីរបស់អ៊ឺរ៉ុប ដែលនឹងមានលក់ផ្តាច់មុខជាមួយម៉ាស៊ីន Plug-in Hybrid។ ការធ្វើឡើងនេះដោយសារតែបទប្បញ្ញត្តិនៃការបំភាយឧស្ម័នដ៏តឹងរ៉ឹងនៅក្នុងទ្វីបអឺរ៉ុប ដោយធ្វើតាម 4Xe-only Wrangler និងចូលរួមជាមួយត្រកូលរបស់រថយន្តអគ្គិសនី Jeep ទាំងអស់ ។
ម៉ូដែល Jeep Grand Cherokee 4xe របស់អឺរ៉ុបត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីន plug-in hybrid ដែលផលិតកម្លាំងបាន ៣៧៥ សេះ និងរមួល ៦៣៧ ញ៉តុនម៉ែត្រ។ ដោយមានម៉ាស៊ីនចំណុះ ២,០ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ម៉ូទ័រអគ្គិសនីពីរ ប្រអប់លេខអូតូ ៨វគ្គ និងអាគុយ ១៧ គីឡូវ៉ាត់ម៉ោង សម្រាប់អគ្គិសនីសុទ្ធអាចបើកបានរហូតដល់ ៥១ គីឡូម៉ែត្រ សម្រាប់ផ្លូវក្នុងក្រុង។
ក្នុងនោះដែរ រថយន្ត Grand Cherokee 4xe ត្រូវបានបំពាក់ដោយប្រព័ន្ធ Quadra-Drive II 4×4, Jeep’s Selec-Terrain (Auto, Snow, Sand/Mud, Rock, and Sport) និងប្រព័ន្ធ air suspension; Quadra-Lift ទោះបីជា Jeep មិនបានបញ្ជាក់ ប៉ុន្តែលក្ខណៈពិសេសដែលបានរៀបរាប់ខាងលើនឹងផ្តល់ជូនចំពោះម៉ូឌែលនៅអឺរ៉ុបទាំងអស់។
ក្នុងនោះដែរ ក្រុមហ៊ុនទើបតែបានប្រកាសម៉ូដែល Exclusive Launch Edition ដោយមកជាមួយថាសយ៉ាន់ស្ព័រទំហំ ២១ អ៊ីញ, ចង្កៀង ប្រភេទ full-LED និងដំបូលពណ៌ខ្មៅ។
ចំពោះផ្នែកខាងក្នុងបំពាក់ជាមួយពូកស្បែក Palermo និងគ្រឿងបរិក្ខាស្តង់ដាររួមមានអេក្រង់កំសាន្ត Uconnect 5 touchscreen ទំហំ ១០ អ៊ីញ, កុងទ័រព័ត៌មានឌីជីថលទំហំ ១០ អ៊ីញ, អេក្រង់បង្ហាញលើកញ្ចក់ទំហំ ១០ អ៊ីញ, អេក្រង់ទំហំ ១០,២៥ អ៊ីញបន្ថែមសម្រាប់អ្នកដំណើរខាងមុខ, កៅអីបញ្ជាដោយថាមពល ១៦ទិសដៅនិងមុខងារម៉ាស្សា នៅផ្នែកខាងមុខជាមួយ, កៅអីមុខងារកម្ដៅ និងខ្យល់សម្រាប់អ្នកដំណើរខាងក្រោយ, ម៉ាស៊ីនត្រជាក់ ៤តំបន់, កន្លែងសាកថ្មឥតខ្សែ, ឧបករណ៍បំពងសំឡេង ១៩ចំនុច ម៉ាក McIntosh 950-watt, ភ្លើង LED និង Active Driving Assist ភាពកម្រិត ២ ផងដែរ។
សម្រាប់អតិថិជននៅលើទីផ្សារអឺរ៉ុប រថយន្ត Jeep Grand Cherokee 4xe Exclusive Launch Edition នឹងផ្តល់ជូននៅលើទីផ្សារដូចជា អ៊ីតាលី បារាំង អាល្លឺម៉ង់ អេស្ប៉ាញ ចក្រភពអង់គ្លេស អូទ្រីស បែលហ្សិក លុចសំបួ និងហូឡង់។ អតិថិជនអាចកក់រថយន្តប្រភេទ SUV មុនចាប់ពីថ្ងៃទី ១៧ ខែកុម្ភៈ ដល់ថ្ងៃទី ៣០ ខែមីនា តាមរយៈគេហទំព័រ Jeep ដោយតម្លៃនឹងប្រកាសនៅពេលក្រោយ៕