
រថយន្ត Volkswagen ID. Era 5S ជាប្រភេទរថយន្ដ Seden ដំបូងបង្អស់ដែលអាចបើកបរស្វ័យប្រវត្តិ ទាំងនៅលើផ្លូវក្នុងក្រុង និងលើផ្លូវហាយវេ បានចាប់ផ្តើមបើកការកក់នៅក្នុងប្រទេសចិន ជាមួយតម្លៃចាប់ផ្ដើមត្រឹមតែ ១៧ ១៧៥ ដុល្លារ។ សម្រាប់ការដាក់លក់ជាផ្លូវការនៅលើទីផ្សាររំពឹងថានឹងធ្វើឡើងនៅថ្ងៃទី ២១ ខែសីហា ខាងមុខនេះ។
រថយន្ដ Volkswagen ID. Era 5S ជាស្រឡាយរថយន្តថាមពលថ្មី (NEV រួមមាន៖ BEV, PHEV និង EREV) ស្ថិតក្រោមក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា SAIC-Volkswagen។ បច្ចុប្បន្ន ស្រឡាយរថយន្តនេះរួមបញ្ចូលទាំងម៉ូឌែល ID. Era 9X ជារថយន្តប្រភេទ Crossover Full-size ប្រើប្រព័ន្ធពង្រីកចម្ងាយបើកបរ EREV។ ចំណែកឯរថយន្ត Sedan ម៉ូឌែល ID. Era 5S បានក្លាយជារថយន្តទីពីរនៅក្នុងស្រឡាយផលិតមួយនេះ។
រថយន្ត Volkswagen ID. Era 5S បើកទទួលការកក់ជាមួយតម្លៃ ១៧ ១៧៥ ដុល្លារ ជាតម្លៃរួមបញ្ចូលការបញ្ចុះតម្លៃក្នុងរយៈពេលកំណត់។ ចំណែកឯតម្លៃរបស់រថយន្ត ID. Era 5S សម្រាប់ការលក់ធម្មតា ដោយគ្មានការផ្តល់ជូនការបញ្ចុះតម្លៃក្នុងរយៈពេលកំណត់មានដូចខាងក្រោម៖
- Volkswagen ID. Era 5S Pure តម្លៃ ១៧ ៧៧០ ដុល្លារ
- Volkswagen ID. Era 5S Neo តម្លៃ ១៩ ២៥០ ដុល្លារ
- Volkswagen ID. Era 5S Pro តម្លៃ ២០ ៧៣៥ ដុល្លារ
- Volkswagen ID. Era 5S Max តម្លៃ ២២ ២១៥ ដុល្លារ
ក្រឡេកមកមើលការរចនារបស់រថយន្ត Volkswagen ID. Era 5S ជារថយន្ត Sedan ដ៏ប្រណីតមួយ ដែលបានយកស្ទីលរចនាថ្មីចុងក្រោយបង្អស់របស់ប្រ៊េនអឺរ៉ុបមួយនេះយកមកប្រើប្រាស់។ វាត្រូវបានរចនាឡើងជាមួយចង្កៀងមុខបែបបំបែក, ដៃទ្វារបែបរាងស្មើពាក់កណ្តាល, រន្ធបឺតខ្យល់សកម្មនៅដំបូលរាងស្លីកទម្រទន់ភ្លន់ និងចង្កៀងក្រោយរត់កាត់ទទឹងពេញផ្នែកខាងក្រោយ។ សម្រាប់វិមាត្រខាងក្រៅរថយន្តនេះមានវិមាត្រប្រវែងបណ្ដោយ ៤ ៨៣៦ មីលីម៉ែត្រ, ទទឹង ១ ៨៨០ មីលីម៉ែត្រ, កម្ពស់ ១,៥០៥ មីលីម៉ែត្រនិងប្រវែងគម្លាតកង់មុខក្រោយ ២ ៧៦៦ មីលីម៉ែត្រ។
ចូលមកដល់ផ្នែកខាងក្នុងរបស់រថយន្តនេះ បានយកស្ទីលរចនាបែប Minimalistic ដោយមានប៊ូតុងបញ្ជាផ្ទាល់តិចតួចបំផុត អមជាមួយអេក្រង់ Touchscreen ទំនើបទំហំ ១៥.៦ អុីញ អេក្រង់កុងទ័រព័ត៌មាន LCD ទំហំ ៨.៨ អុីញ និងចង្កូតរចនាបថបែប Two-spoke steering wheel។ ប្រព័ន្ធកម្សាន្តរបស់រថយន្ដននេះក៏គាំទ្រមុខងារ Apple CarPlay, Huawei HiCar និង Carlinkផងដែរ។ ចំណែកចង្កិះលេខត្រូវបានប្តូរមកដាក់នៅលើកញ្ចឹងចង្កូតវិញ ដែលធ្វើឲ្យសល់លំហរធំទូលាយនៅចន្លោះកណ្តាល សម្រាប់បំពាក់កន្លែងសាកថ្មទូរស័ព្ទឥតខ្សែ កន្លែងដាក់កែវទឹកចំនួនពីរ និងប្រអប់ស្តុកអីវ៉ាន់លាក់ខ្លួនមួយផងដែរ។ កៅអីជួរមុខរបស់រថយន្ត Volkswagen ID. Era 5S មានបំពាក់មុខងារកម្តៅ, មុខងារខ្យល់ត្រជាក់ និងមុខងារម៉ាស្សាដល់ទៅ ១០ ចំណុច។


























