
រថយន្ត minivan Voyah Dream ម៉ូឌែលឆ្នាំ ២០២៦ របស់ក្រុមហ៊ុន Dongfeng ដែលមានប្រវែងតួខ្លួន ៥.៣ ម៉ែត្រ ផ្ដល់មកជាមួយជម្រើសប្រើប្រាស់អគ្គិសនីសុទ្ធ (BEV) និងអគ្គិសនីលាយសាំង (PHEV) និងបំពាក់បច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei ត្រូវបានដាក់លក់នៅក្នុងប្រទេសចិន ក្នុងតម្លៃចាប់ពី ៣២៩ ៩០០យ័ន ឬស្មើនិងប្រមាណ ៤៦ ៣០០ដុល្លារ។ សម្រាប់ម៉ូឌែលប្រើអគ្គិសនីលាយសាំង (PHEV) ផ្តល់ជូនរយៈចម្ងាយបើកបរដោយអគ្គិសនីសុទ្ធបាន ៣៥០គីឡូម៉ែត្រ ដោយបានបំពាក់ជាមួយអាគុយទំហំ ៦២.៥ គីឡូវ៉ាត់ម៉ោង។
រថយន្ត minivan Voyah Dream ត្រូវបានដាក់លក់ដំបូងនៅក្នុងប្រទេសចិនកាលពីឆ្នាំ ២០២២។ នៅខែសីហា ឆ្នាំ ២០២៤ ម៉ូឌែលនេះបានកែមុខ (facelifted) របស់វាបានចូលមកក្នុងទីផ្សារក្នុងស្រុកដោយបំពាក់បច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei។ Voyah Dream ដែលបានធ្វើបច្ចុប្បន្នភាពនេះ បានក្លាយជាម៉ូដែលពេញនិយមដោយលក់បាន ៨៥ ៦២៧ គ្រឿងក្នុងរយៈពេល១២ខែ នេះបើយោងតាមទិន្នន័យរបស់ China EV DataTacker។ នៅថ្ងៃទី ១៥ ខែកញ្ញា ក្រុមហ៊ុន Voyah បានដាក់លក់រថយន្ត minivan Dream ម៉ូឌែល ឆ្នាំ ២០២៦ ដើម្បីពង្រឹងជំហរទីផ្សាររបស់ខ្លួន។
រថយន្ត Voyah Dream មានប្រវែងតួខ្លួនសរុប ៥ ៣១៥មម ទទឹង ១ ៩៨០មម កម្ពស់ ១ ៨២០មមនិងមានប្រវែងគម្លាតកង់មុខក្រោយ ៣ ២០០មម។ នៅផ្នែកខាងក្នុងរបស់វាមានប្លង់កៅអី 2+2+3។ កុងសូលកណ្តាលរបស់រថយន្ត Dream ប្រើប្រាស់ការតុបតែងលម្អដោយឈើ ខណៈអេក្រង់កម្សាន្ដមានទំហំ ១៥.៦ អុីញ ដំណើរការដោយប្រព័ន្ធ HarmonyOS របស់ក្រុមហ៊ុន Huawei។ អ្វីកាន់តែពិសេសរថយន្ដនេះបានបំពាក់មកជាមួយមុខងារស្លាយកុងទ័រ (head-up display) ប្រភេទ AR ទំហំ ២៩ អុីញ។ នៅកៅអីជួរទី២ក៏បានបំពាក់ជាមួយអេក្រង់កម្សាន្ដទំហំ ១៧.៣ អ៊ីញនៅលើពិដាន, ទូរទឹកកកចំណុះ ១៣ លីត្រ និងវាំងនាំងការពារកម្តៅថ្ងៃដែលអាចបញ្ជាដោយអគ្គិសនី។
សម្រាប់កៅអីជួរទី២ជាប្រភេទកៅអី captain chairs គាំទ្រមុខងារ zero-gravity និងមានមុខងារម៉ាស្សាចំនួន ២៦ ចំណុច។ ចំណែកកៅអីជួរទីបីអាចរំកិលទៅមុខ-ថយក្រោយបាន ១៧៥ មម អាចទម្រេតបានរហូតដល់ ១២២ ដឺក្រេ។ ជាមួយនឹងលក្ខណៈពិសេសទាំងអស់នេះ រថយន្ត Voyah Dream ផ្តល់ជូនទំហំផ្ទុកអីវ៉ាន់ ៥០២ លីត្រ។ យោងតាមក្រុមហ៊ុន Voyah បានឱ្យដឹងថា វាគ្រប់គ្រាន់សម្រាប់ដាក់វ៉ាលីទំហំ ២០អុីញចំនួន៨។
រថយន្ត minivan Voyah Dream ២០២៦ ប្រើប្រព័ន្ធ air suspension និងប្រព័ន្ធគ្រប់គ្រងការបន្ថយល្បឿនជាបន្តបន្ទាប់ (continuous damping control system )។ សម្រាប់ម៉ូឌែលប្រើអគ្គិសនីលាយសាំង PHEV របស់រថយន្ត Dream MPV បំពាក់មកជាមួយអាគុយទំហំ ៦២.៥ គីឡូវ៉ាត់ម៉ោង ប្រើអគ្គិសនីសុទ្ធអាចបើកបាន ៣៥០គីឡូម៉ែត្រគិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។ រថយន្ដនេះប្រើម៉ាស៊ីន turbocharged ចំណុះ ១.៥ លីត្រ អាចផលិតកម្លាំង ១១០គីឡូវ៉ាត់ រួមបញ្ចូលដោយម៉ូទ័រអគ្គិសនីចំនួន២ អាចផលិត កម្លាំងសរុបបាន ៤៨០ គីឡូវ៉ាត់ (៦៤៤ សេះ)។ រថយន្តអាចបង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៥.៩ វិនាទី។ រថយន្ត Voyah Dream ប្រើអគ្គិសនីសុទ្ធ (BEV) បំពាក់ជាមួយអាគុយ (NMC ternary) បីស្រទាប់ ទំហំ ១០៨.៧ គីឡូវ៉ាត់ម៉ោងអាចបើកបរបានបានចម្ងាយ ៧០០គីឡូម៉ែត្រគិតតាមស្ដង់ដារវាស់ចម្ងាយ CLTC៕