[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការប្រកាសដាក់បង្ហាញចេញនូវរថយន្ត Ford Equator Sport ស៊េរីឆ្នាំ២០២៥ ឬ (Ford Territory) ជាមួយការផ្លាស់ប្តូររូបរាងថ្មី ហើយគ្រោងដាក់បង្ហាញចេញជាផ្លូវការនៅក្នុងពិព័រណ៍រថយន្ត Guangzhou ឆ្នាំ២០២៤ ខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។
Ford Territory ស៊េរីឆ្នាំ២០២៥ ទទួលបានជម្រើសម៉ាស៊ីនថ្មីពោលគឺ ម៉ាសុីនកូនកាត់ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៣៦២ សេះ និងកម្លាំងរមួល ៥៥៥ញ៉ូតុមម៉ែត្រ បើយោងតាមសារព៌ត័មាន Sohu (មានទិន្នន័យកម្លាំងខ្លាំងជាងឯកសាររបស់ Chinese MIIT ) ផ្គួបជាមួយអាគុយទំហំ ១៨,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១១០គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ និងគាំទ្រការសាកថ្មល្បឿនលឿន ដែលអាចសាកឡើងពី ១០ ទៅ ៨០ ភាគរយ ដោយចំណាយពេលត្រឹមតែ ១៤ នាទី ប៉ុណ្ណោះ និងអាចបើកបរបានចម្ងាយសរុប ១ ២០៥ គីឡូម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ និងប្រព័ន្ធបើកបរប៉ុង ១ ខណៈម៉ាស៊ីនចំណុះ ១,៥ លីត្រ Turbo នៅរក្សាទុកដដែល។
ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ គាំទ្រដោយឈីប Qualcomm Snapdragon 8155 រួមទាំងឧបករណ៍បំពងសំឡេង ១០ ចំនុច កន្លែងសាកថ្មឥតខ្សែ និងដំបូលកញ្ចក់ Panoramic sunroof ជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ Co-Pilot360 DAS ទៀតផង ៕