រថយន្ត Cullinan ដែលជាប្រភេទរថយន្ត SUV ដំបូងរបស់ក្រុមហ៊ុន Rolls-Royce ទទួលបានការពេញនិយមខ្លាំងពីបណ្ដាអ្នកមានប្រាក់នៅជុំវិញពិភពលោក ដោយសារតែប្រណីតភាពដ៏អស្ចារ្យរបស់វា។
នៅប្រទេសវៀតណាមឯណោះ រថយន្ត Rolls-Royce Cullinan ក៏ទទួលបានការចាប់ចិត្តខ្លាំងណាស់ដែរ ហើយបើតាមវិបសាយរថយន្តវៀតណាម Xehay បានឲ្យដឹងថានៅទឹកដីវៀតណាម មានរថយន្ត Cullinan សរុប ១១គ្រឿងមកហើយ ដែលមានបើកបរលើដងផ្លូវ ទាំងតាមការនាំចូលពីក្រុមហ៊ុនផ្លូវការ និងហាងលក់រថយន្តឯកជន។ នៅវៀតណាមរថយន្ត Cullinan នេះគឺមានតម្លៃខុសៗគ្នាទៅតាមការកុម្ម៉ង់របស់អតិថិជន ដែលមានតម្លៃចន្លោះពី ៣២ ទៅ ៤៦ ពាន់លានដុង ដែលស្មើប្រមាណ ១,៣៨លានដុល្លារ ទៅប្រមាណ ១,៩៨លានដុល្លារ។
រថយន្ត Cullinan មានប្រើប្រាស់ម៉ាស៊ីនសាំង ៦,៧៥លីត្រ ១២ស៊ីឡាំង ជាប្រភេទ Twin-Turbocharged ដែលវាអាចផលិតកម្លាំងបាន ៥៦៣សេះ និងមានល្បឿនអតិបរមា ២៥០គ.ម/ម៉៕