ឡានភីកអាប់អគ្គិសនី Chevrolet មានអ្នកកក់ទិញដល់ ១៤ម៉ឺនគ្រឿងបាត់

[ទីផ្សារបរទេស] កាលពីដើម​ឆ្នាំ​កន្លងទៅ មានការរាយការណ៍ថាក្រុមហ៊ុន General Motor បានទទួលការកក់សរុបជាង ១៧ម៉ឺនគ្រឿងសម្រាប់រថយន្តភីកអាប់អគ្គិសនី Hummer EV និង Silverado EV ហើយពេលនេះក្រុមហ៊ុនបាន​ឲ្យ​ដឹង​ថា​ Silverado EV តែឯងបានទទួលការកក់រហូតដល់ ១៤ម៉ឺនគ្រឿងទៅហើយ។

តួលេខនៃការកក់នេះត្រូវបានអះអាងដោយ Mary Barra នាយកប្រតិបត្តិក្រុមហ៊ុន General Motor នៅក្នុងអំឡុងការបង្ហាញ​អំពី​ចំណូល​ប្រចាំ​ត្រីមាសទីមួយនៃឆ្នាំ២០២២នេះ។ ជាមួយការទទួលបានការកក់ដ៏ច្រើនសន្ធឹកនេះ អាចឲ្យ Chevrolet រីករាយ​បាន​ចំពោះការចាប់អារម្មណ៍លើរថយន្តភីកអាប់អគ្គិសនីរបស់ខ្លួន ប៉ុន្តែយ៉ាងណា Ford នៅ​តែ​ទទួល​ឈាន​មុខគេលើរថយន្តភីកអាប់អគ្គិសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Ford បានបិទលែងទទួលការកុម្ម៉ង់ថ្មីលើរថយន្ត F-150 Lightning កាលពីខែធ្នូ នៅពេលដែលការកក់បាន​ឡើងដល់ ២០ម៉ឺនគ្រឿង ហើយការផលិតរថយន្តភីកអាប់នេះដែរបានចាប់ផ្ដើមជាផ្លូវការកាលពីប៉ុន្មានថ្ងៃមុននេះឯង។

គួរដឹងថា Silverado EV នឹងត្រូវដាក់លក់តម្លៃចាប់ពី ៣៩ ៩០០ដុល្លារ ឡើងដល់ ១០៥ ០០០ដុល្លារ ដោយក្នុងនោះប្រភេទ Work Truck អាចផលិតកម្លាំងបាន ៥១០សេះ និងប្រភេទ RST អាចផលិតកម្លាំងបាន ៦៦៤សេះ ខណៈដែលរយៈចម្ងាយបើកបរ​រំពឹងថាបានចម្ងាយជាង ៦០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម