រថយន្ត Kia Carnival ស៊េរីឆ្នាំ ២០២១ បានបង្ហាញមុខជាផ្លូវការក្នុងប្រទេសកូរ៉េខាងត្បូង ដោយមានការឌីហ្សាញទាក់ទាញជាងមុន បើប្រៀបធៀបនឹងរថយន្តជំនាន់មុន។
នៅផ្នែកខាងមុខ Kia បានប្រើប្រាស់ការឌីហ្សាញផ្ទាំងប៉ាណាដែលមានរាងដូចជាច្រមុះខ្លា និងមានឈុតអំពូលភ្លើងរាងស្រួច អមជាមួយអំពូលបំភ្លឺពេលថ្ងៃដែលសុទ្ធតែជាប្រភេទ LED។ ចំណែកនៅផ្នែកខាងក្រោយវិញមានបំពាក់អំពូលឲ្យសញ្ញាតជាប់គ្នាជាខ្សែមួយដ៏វែងតែម្ដង ដែលខុសប្លែកពីជំនាន់មុន។
ជាមួយការប្រើប្រាស់គ្រោងឆ្អឹងថ្មីឈ្មោះថា Grand Utility Vehicle ធ្វើឲ្យរថយន្ត Carnival ជំនាន់ថ្មីនេះមានប្រវែងវែងជាងមុន ៤០ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយវែងជាងមុន ៣០ម.ម ផ្ដល់ទំហំកាន់តែទូលាយនៅផ្នែកខាងក្នុង។
នៅកូរ៉េខាងត្បូងរថយន្ត Carnival មានជម្រើសម៉ាស៊ីនច្រើនប្រភេទរួមមានម៉ាស៊ីនម៉ាស៊ូត ២,២លីត្រ (កម្លាំង ១៩៩សេះ) ម៉ាស៊ីនសាំង ៣,៥លីត្រប្រភេទ MPi (កម្លាំង ២៦៨សេះ) និងម៉ាស៊ីនសាំង ៣,៥លីត្រប្រភេទ Gdi (កម្លាំង ២៩០សេះ)។ ម៉ាស៊ីនទាំងនេះគួបផ្សំជាមួយប្រអប់លេខអូតូ៨វគ្គដូចៗគ្នា។
Kia នឹងបញ្ចេញលក់រថយន្ត Carnival ថ្មីនេះ នាត្រីមាសទីបីនៃឆ្នាំ ២០២០ នេះ សម្រាប់ទីផ្សារកូរ៉េខាងត្បូង ហើយទីផ្សារដទៃទៀតអាចនឹងចាប់ផ្ដើមនាចុងឆ្នាំនេះ៕