ឡូយខ្លាំង! Ford ប្រកាសចេញឡានប៉ូលីស F-150 Police Responder ក្នុងតម្លៃជាង ៤ម៉ឺនដុល្លារ

(សហរដ្ឋអាមេរិច) ទោះបីជារថយន្តប៉ូលីសដ៏ល្បីរបស់អាមេរិកគឺរថយន្ត Ford Crown Victoria P71 ត្រូវបានបញ្ចប់ជីវិតអស់រយៈពេល ១០ ឆ្នាំមកហើយក្តីក៏ Ford នៅតែរក្សាជំហររបស់ខ្លួនជាក្រុមហ៊ុនផលិតរថយន្តប៉ូលីសធំជាងគេដដែល។ ដើម្បីបន្តគ្របដណ្តប់លើទីផ្សារ ក្រុមហ៊ុន Ford បានធ្វើការប្រកាសចេ​ញឡានប៉ូលីសប្រភេទថ្មីឈ្មោះថា Ford F-150 Police Responder ក្នុងតម្លៃ ៤៤ ០០០ដុល្លារ។

Ford F-150 Police Responder ត្រូវបានផលិតឡើងតាមរថយន្ត Ford F-150 SuperCrew។ វាបំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៥លីត្រ EcoBoost V6 បង្កើតកម្លាំងបាន ៤០០សេះ និងកម្លាំងរមួយ ៦៧៨ញូតុនម៉ែត្រ និងដំណើរការដោយប្រអប់លេខ ១០វគ្គអូតូ ហើយវាមានល្បឿនអតិបរមា ១៩៣គ.ម/ម៉ និងស្ទុះពីល្បឿនកុងទ័រ ០-៩៦គ.ម/ម៉ ប្រើពេល ៥,២វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមលោក Greg Ebel ប្រធានគ្រប់គ្រងម៉ាករថយន្តប៉ូលីសរបស់ Ford បាននិយាយថា“ ភ្នាក់ងារអនុវត្តច្បាប់និយាយថាពួកគេចង់អោយរថយន្តមានកំលាំងអូសទាញបន្ថែមខ្លាំង និងមានសមត្ថភាពខាង off-roadល្អ ប៉ុន្តែពួកគេមានការព្រួយបារម្ភអំពីល្បឿន និងការគ្រប់គ្រង់ ហេតុនេះហើយទើបម៉ូឌែល F-150 មានសមត្ថភាពអូសទាញរហូតដល់ទម្ងន់ ៥តោន និងដឹកបាន ៩២០គីឡូក្រាម។ ហើយបន្ថែមពីនេះ Ford F-150 Police Responder ក៏មានកំរិតកម្លាំងបង្វិលជុំខ្លាំង និងប្រព័ន្ធបើកបរវិលកង់ ៤ ដើម្បីងាយស្រួលប្តូរស្ថានភាពប្រតិបត្ដិការពីទីក្រុង ទៅកាន់ភូមិសាស្ត្រស្មុគស្មាញ” ។

រថយន្ត Ford F-150 Police Responder បានបំពាក់ជាមួយសំបក់កង់ប្រភេទ multi-purpose ដែលងាយស្រួលគ្រប់គ្រង់, មានស្ថេរភាព និងងាយបង្កើនល្បឿន នៅពេល off-road ផងដែរ។ វាក៏បានបំពាក់ជាមួយកញ្ចប់ FX4 off-road ដែលមាន adjustable undercarriage, adjustable dampers, electronically locked rear axle និងមុខងារ Ramp control។

លើសពីនេះទៀតម៉ូដែលនេះក៏មានបច្ចេកវិទ្យាទំនើបៗដូចជា Accelerating assist, មុខងារដកកូនសោរចេញពីយានយន្ត, ប្រព័ន្ធអគ្គិសនី, ភ្លើងស៊ីរ៉ែន, ប្រព័ន្ធការពារចោរកម្ម, បច្ចេកវិទ្យា SYNC 4 ដែលប្រើប្រព័ន្ធទូរគមនាគមន៍ផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន Ford ដើម្បីការពារការរំខានក្នុងអំឡុងពេលដើរល្បាត និងកុងតាក់ (one-touch Switch) ដែលអាចបិទប៉ុណ្តោះអាសន្ននូវបច្ចេកវិទ្យាទាំងអស់ ក្នុងករណីមានការប៉ះទង្គិចជាមួយរថយន្តផ្សេងទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម