កត្តាដែលបណ្តាលខូចបូមទឹកឡាន ដែលគួរប្រុងប្រយ័ត្ន | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] បូមទឹកមានតួនាទីគ្រប់គ្រងលំហូរទឹកបញ្ចុះកំដៅពីម៉ាស៊ីនកំដៅទៅកាន់ម៉ាស៊ីនឡាន។ ជាក់ស្តែងនៅពេលបូមទឹកដំណើរការបានត្រឹមត្រូវវាជួយគ្រប់គ្រងសីតុណ្ហភាពម៉ាស៊ីនឡានមិនឲ្យក្តៅខ្លាំងធ្វើឲ្យម៉ាស៊ីនរត់ស្រួលនិងអាចធ្វើដំណើរទៅកាន់គ្រប់ទីកន្លែងដោយគ្មានក្តីបារម្ភ។ ដោយឡែកប្រសិនបើបូមទឹកមានបញ្ហារថយន្តងាយប្រឈមហានិភ័យផ្សេងៗជាពិសេសបើកមិនឆាប់ជួសជុលអាចធ្វើឲ្យខូចខាតធ្ងន់ធ្ងរដល់ម៉ាស៊ីនឡាន ឬត្រូវខ្ទេចម៉ាស៊ីនទាំងស្រុង។ ដើម្បីជៀសវាងបញ្ហាទាំងនេះអ្នកប្រើប្រាស់រថយន្តគ្រប់រូបគួរកត់ចំណាំនូវសញ្ញាបូមទឹកមានបញ្ហាដូច ខាងក្រោម។

លេចទឹកបញ្ចុះកំដៅ៖ បូមទឹកគឺជាផ្នែកមួយនៃតំណភ្ជាប់ស៊ីឡាំងដែលផ្ទុកទឹកបញ្ចុះកំដៅ និងឲ្យទឹកបញ្ចុះកំដៅហូរពីម៉ាស៊ីនកំដៅទៅកាន់ម៉ាស៊ីនឡាន។ នៅពេលទ្រនាប់ និងតំណស៊ីឡាំងចាប់ផ្តើមស្ងួត និងប្រេះ ទឹកបញ្ចុះកំដៅនឹងលេចធ្លាយពីបូមទឹកស្រក់ចេញមកខាងក្រៅ។ ជាទូទៅអ្នកនឹងឃើញទឹកបញ្ចុះកំដៅ(ពណ៌ក្រហមឬបៃតង)លេចស្រក់ចុះមកដីនៅចំកណ្តាល ខាងក្រោមនៃម៉ាស៊ីនឡាន។សំខាន់បំផុតគួរប្រញាប់យករថយន្តទៅយានដា្ឋនជួសជុលមុនពេលបញ្ហាបង្កកាន់តែធ្ងន់ធ្ងរដល់ម៉ាស៊ីន។

ពាណិជ្ជកម្ម

ដុំបង្វិលបូមទឹកខូច៖ នៅពេលដុំបង្វិលបូមទឹកមានបញ្ហាវានឹងបន្លឺសំឡេងង៉ូវៗចេញពីម៉ាស៊ីនឡានដោយសារតែខូចឬដាច់ខ្សែពានបង្វិលបូមទឹក។នៅពេលដុំបង្វិលបូមទឹកដំណើរការមិនបានត្រឹមត្រូវឬខូចអ្នកគួរតែប្រញាប់យកទៅឲ្យជាងជួសជុលផ្លាស់ប្តូរថ្មី។ជាពិសេសពេលឮសំឡេងង៉ូវៗកាន់តែខ្លាំងនៅពេលបង្កើនល្បឿន។

ម៉ាស៊ីនឡើងកំដៅ៖ នៅពេលបូមទឹកខូចរង្វិលជុំនិងលំហូរនៃទឹកបញ្ចុះកំដៅមិនបានហូរទៅកាន់ម៉ាស៊ីនដែលបង្កបញ្ហាធ្វើឲ្យម៉ាស៊ីនឡើងកំដៅ។ករណីម៉ាស៊ីនឡើងកំដៅខ្លាំងហើយមិនប្រញាប់យកទៅជួសជុលអាចធ្វើឲ្យប្រេះក្បាលស៊ីឡាំងខូចទ្រនាប់ស៊ីឡាំងឬឆេះពីស្តុងដែលប៉ះពាល់ធ្ងន់ធ្ងរដល់ម៉ាស៊ីនឡានតែម្តង។ដូចនេះប្រសិនបើសម្គាល់ឃើញសីតុណ្ហភាពម៉ាស៊ីនឡើងកំដៅខ្លាំងគួរប្រញាប់ឈប់ជាបន្ទាន់ និងស្វែងរកជំនួយ។

ផ្សែងហុយចេញពីម៉ាស៊ីនកំដៅ៖ ចំណុចចុងក្រោយប្រសិនបើមានផ្សែងហុយចេញពីគម្របម៉ាស៊ីនឡានពេលកំពុងបើកបរអ្នកត្រូវប្រញាប់ឈប់ឡានជាបន្ទាន់ពីព្រោះវាជាសញ្ញានៃម៉ាស៊ីនឡានឡើងកំដៅខ្លាំងដែលអាចបង្កទៅជាហានិភ័យឆាបឆេះ។ ករណីដល់ថ្នាក់ចេញផ្សែងពីគម្របម៉ាស៊ីនឡាន អ្នកគួរតែមានរថយន្តសណ្តោងយកទៅជួសជុលទើបប្រសើរ៕

Sponsored