ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម គន្លឹះសំខាន់ៗ ការបង់ពន្ធផ្លូវត្រូវចប់ត្រឹមខែ១១ ចុះបើទិញរថយន្តនៅខែ១២ តើត្រូវបង់ពន្ធនេះដែរទេ?

ការបង់ពន្ធផ្លូវត្រូវចប់ត្រឹមខែ១១ ចុះបើទិញរថយន្តនៅខែ១២ តើត្រូវបង់ពន្ធនេះដែរទេ?

ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន ឬពន្ធផ្លូវ ធ្វើឡើងចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ អ៊ីចឹង បើលោកអ្នកទិញរថយន្តនៅខែធ្នូ ឬខែ១២ តើលោកអ្នកចាំបាច់ត្រូវបង់ពន្ធផ្លូវនេះដែរឬទេ?

យោងតាមប្រកាសស្តីពីពន្ធលើមធ្យោបាយដឹកជញ្ជូន ឲ្យដឹងថា ចំពោះមធ្យោបាយដឹកជញ្ជូន ទាំងឡាយណា ដែលមានបង្កាន់ដៃបង់ពន្ធនាំចូល បានចេញមុនខែធ្នូ តែមានបណ្ណសម្គាល់យានជំនិះ ចេញលើកដំបូងនៅក្នុងខែធ្នូ គឺត្រូវបង់ពន្ធផ្លូវផងដែរ ដោយទទួលបានការលើកលែងប្រាក់ពន្ធបន្ថែម។ មានន័យថា ប្រសិនបើរថយន្តនោះ មានបង្កាន់ដៃបង់ពន្ធនាំចូល នៅក្នុងខែ ១០ ឬ ១១ ហើយលោកអ្នកបានទិញរថយន្តនោះនិងមានកាតគ្រីចេញនៅក្នុងខែ១២ គឺនៅតែត្រូវបង់ពន្ធផ្លូវឆ្នាំ២០២៦នេះ ដដែល ដោយមិនទទួលរងការពិន័យបន្ថែមគុណនឹង២នោះទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាមិញ បើរថយន្តនោះ ទាំងបង្កាន់ដៃពន្ធនាំចូល និងបណ្ណសម្គាល់យានជំនិះ សុទ្ធតែចេញនៅក្នុងខែ១២ នៃឆ្នាំ២០២៦ គឺមិនចាំបាច់ត្រូវបង់ពន្ធផ្លូវសម្រាប់ឆ្នាំនេះទេ ដោយត្រូវបានអនុញ្ញាតឲ្យបង់ពន្ធសម្រាប់ឆ្នាំបន្ទាប់ ពោលគឺនៅឆ្នាំ២០២៧តែម្តង។

ចំពោះការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននេះ សម្រាប់រថយន្តថ្មីដែលត្រូវចុះបញ្ជីលើកដំបូង គឺម្ចាស់រថយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួន ២សន្លឹក តាមទម្រង់ VT 001 ដោយភ្ជាប់មកជាមួយឯកសាររួមមាន បណ្ណសម្គាល់យានយន្ត និងអត្តសញ្ញាណបណ្ណ ព្រមទាំងឆៀកផងដែរចំពោះរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ។ ចំណែករថយន្តដែលធ្លាប់បង់ពន្ធតាំងពីឆ្នាំមុនៗមក ដែលមានចុះបញ្ជីក្នុងប្រព័ន្ធគ្រប់គ្រងពន្ធរបស់អគ្គនាយកដ្ឋានពន្ធដាររួចជាស្រេចទៅហើយនោះ អាចប្រើឯកសារមួយណាក៏បានដែរ ដូចជា បណ្ណសម្គាល់ការបង់ពន្ធ ឬ បណ្ណសម្គាល់យានជំនិះ ឬបង្កាន់ដៃទទួលប្រាក់ពន្ធ ឬលតាបត្របង់ពន្ធផ្លូវឆ្នាំចាស់ សម្រាប់ឲ្យមន្រ្តីពន្ធដារ ឬបុគ្គលិកធនាគារពាណិជ្ជដៃគូ ធ្វើការផ្ទៀងផ្ទាត់ទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងពន្ធ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម