Honda e ដែលជារថយន្តអគ្គិសនីដំបូងរបស់ Honda ផលិតលក់លើទីផ្សារ បានកំណត់តម្លៃលក់ចាប់ពីប្រមាណ ៣២ ៥០០ ដុល្លារនៅប្រទេសអាល្លឺម៉ង់ និងនៅចក្រភពអង់គ្លេសមានតម្លៃចាប់ពីប្រមាណ ៣២ ២៨០ ដុល្លារ។
រថយន្តនេះបានបង្ហាញមុខក្នុងកម្មវិធី Frankfurt Motor Show ដែលអាចទាក់ទាញចិត្តអតិថិជន ៤ ម៉ឺននាក់ធ្វើការកក់ទិញ ហើយវានឹងចេញពីរោងចក្រដំបូងនៅអំឡុងដើមឆ្នាំ ២០២០។
Honda e មានប្រភេទ Base ប្រើម៉ូទ័រអគ្គិសនីកម្លាំង ១៣៤ សេះ ហើយមានប្រភេទ Advance កម្លាំង ១៥២ សេះ។ ទាំងពីរប្រភេទនេះបានថាមពលពីអាគុយចំណុះ ៣៥,៥ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ២២០ គ.ម ពេលសាកពេញ។
Honda e ទ្រាំទ្រនឹងការសាកភ្លើងបានលឿន ដែលមានការអះអាងថាអាចសាកដល់ ៨០% ក្នុងពេលត្រឹម ៣០ នាទី។ លើរថយន្តនេះមានមុខងារទំនើបៗដូចជាប្រើកាមេរ៉ាសម្រាប់មើលចំហៀងជំនួសកញ្ចក់ធម្មតា, ប្រព័ន្ធសំឡេងកម្រិតខ្ពស់ និងមុខងារជំនួយចូលចតជាដើម៕