ដើម្បីអោយម៉ាស៊ីនរថយន្តមើលទៅថ្មីរហូត តើគួរលាងសម្អាតនៅពេលណាខ្លះ? | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] ការលាងសម្អាតម៉ាស៊ីនរថយន្តភាគច្រើនអ្នកប្រើប្រាស់ធ្វើឡើងនៅមុនពេលយករថយន្តទៅដាក់លក់ដើម្បីជួយឲ្យរថយន្តលក់បានក្នុងតម្លៃមួយសមរម្យ និងមិនខាតបង់ថ្លៃដើមហួសហេតុ។ ដោយឡែក អ្នកប្រើប្រាស់រថយន្តមួយចំនួនបានចាត់ទុកថាការលាងសម្អាតម៉ាស៊ីន គឺជាកត្តាមួយដ៏ចាំបាច់ដែលជួយឲ្យរថយន្តទាំងខាងក្នុង និងខាងក្រៅមើលទៅនៅតែថ្មី និងរក្សាអាយុកាល ប្រើប្រាស់បានយូរអង្វែង។ ជាក់ស្តែងធូលីដី កម្អែល និងសារធាតុគីមីកខ្វក់ ដែលតោងស្អិតជាប់នៅលើម៉ាស៊ីនមិនត្រឹមតែធ្វើឲ្យមើលទៅមានសភាពចាស់នោះទេ តែវាថែមទាំងបណ្តាលឲ្យ ប៉ះពាល់ដល់គ្រឿងម៉ាស៊ីនបន្តិចម្តងៗផងដែរ។ ចុះតើរយៈពេលប៉ុន្មានដែលអ្នកគួរយករថយន្តទៅលាងសម្អាតម៉ាស៊ីន? ពិតប្រាកដណាស់ បើទោះការលាងសម្អាតម៉ាស៊ីនមិនញឹកញាប់ដូច ការលាងសម្អាតរថយន្តក្តី ប៉ុន្តែវាអាស្រ័យទៅតាមស្ថានភាពប្រើប្រាស់ និងកត្តាសំខាន់ៗមួយចំនួនខាងក្រោម។

១.  រថយន្តប្រើប្រាស់នៅទីក្រុង៖ ចំពោះអ្នកប្រើប្រាស់រថយន្តនៅក្នុងទីក្រុង ជាយក្រុង ឬតំបន់ណាដែលមិនសូវមានដីហុយ អ្នកគួរយករថយន្តទៅលាងសម្អាតម៉ាស៊ីនយ៉ាងហោចណាស់ ១ទៅ២ដង ក្នុងមួយឆ្នាំ។ ចំពោះអ្នករស់នៅតំបន់ទាំងនេះដែលមិនសូវប្រើប្រាស់រថយន្ត ឬយូរៗប្រើប្រាស់ម្តង អ្នកគួរឧស្សាហ៍ជូតសម្អាតម៉ាស៊ីននៅរៀងរាល់ពេលយករថយន្តទៅលាង សម្អាត។

២. រថយន្តប្រើប្រាស់នៅខេត្ត និងតំបន់មានដីហុយ៖ ជាទូទៅរថយន្តប្រើប្រាស់នៅតាមបណ្តាខេត្តចុះទៅខេត្តញឹកញាប់ឬប្រើប្រាស់ក្នុងតំបន់មានដីហុយ សុទ្ធសឹងធ្វើឲ្យម៉ាស៊ីនពោរពេញ ទៅដោយភាពកខ្វក់។ ដូចនេះ អ្នកគួរជូតសម្អាតម៉ាស៊ីនរថយន្ត ២ទៅ៣ដងក្នុងមួយខែ និងធ្វើការលាងសម្អាតម៉ាស៊ីន ១ទៅ ២ដងក្នុងមួយឆ្នាំ។

ពាណិជ្ជកម្ម

៣. លាងសម្អាតបន្ទាប់ពីជួសជុល៖ ការលាងសម្អាតម៉ាស៊ីនរថយន្តក៏គួរធ្វើឡើងនៅពេលរថយន្តជួសជុលរួចរាល់នូវបញ្ហាគ្រឿងម៉ាស៊ីនដូចជា ប្តូរបន្ទះស៊ីឡាំង ឬផ្នែកផ្សេងៗដែលលេចប្រេង ចេញមកខាងក្រៅធ្វើឲ្យប្រឡាក់គ្រឿងម៉ាស៊ីនជាដើម។ ការធ្វើដូចនេះមិនត្រឹមតែលាងជម្រះនូវកាកសំណល់កកស្អិត និងបំបាត់ក្លិនអាក្រក់នោះទេ តែវាថែមទាំងជួយផ្តល់សញ្ញាក្លិនច្បាស់ លាស់ដល់អ្នកបើកបរនៅពេលមានបញ្ហាលើផ្នែកណាមួយ៕

Sponsored