តិចនិចកាន់ចង្កូតឡានត្រឹមត្រូវ និងសុវត្ថិភាព | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] អ្នកបើកបរមួយចំនួនតែងមានស្ទីលកាន់ដៃចង្កូតទៅតាមចំណង់ចំណូលចិត្តរៀងខ្លួន។ យ៉ាងណាមិញ ការកាន់ចង្កូតបានត្រឹមត្រូវពិតជាមានសារៈសំខាន់ណាស់ចំពោះសុវត្ថិភាពបើកបរហើយការអង្គុយបើកបរដ៏ត្រឹមត្រូវក៏ត្រូវរាប់បញ្ចូលទាំងឥរិយាបថអង្គុយ ការមើលផ្លូវ និងការកាន់ដៃចង្កូតផងដែរ។ ដើម្បីជៀសវាងគ្រោះថ្នាក់ និងរក្សាសុវត្ថិភាពអ្នកបើកបរគ្រប់រូបគួរអនុវត្តការកាន់ដៃចង្កូតឲ្យបានត្រឹមត្រូវដូចខាងក្រោម។

១. ឥរិយាបថអង្គុយ៖ បន្ទាប់ពីរៀបចំឥរិយាបថអង្គុយបានរៀបរយទាំងការសារ៉េកៅអីផ្អែក កន្លែងទម្រេតក្បាល និងកញ្ចក់ឆ្លុះឲ្យស័ក្តិសមនឹងកម្ពស់របស់ខ្លួនអ្នកគួរតែសារ៉េចង្កូតទម្លាក់ចុះ ឬលើកឡើងដើម្បីងាយស្រួលកាន់ផងដែរ(ឡានទំនើបមួយចំនួនមានមុខងារបញ្ជាចង្កូតទម្លាក់ចុះឬលើកឡើងស្វ័យប្រវត្តិ)។ អ្នកត្រូវចងចាំថាត្រូវអង្គុយយ៉ាងណាឲ្យដៃចង្កូតទាបជាងស្មារបស់អ្នក។

ពាណិជ្ជកម្ម

២. ការកាន់ដៃចង្កូត៖ ប្រើតិចនិចកាន់ចង្កូតដោយប្រដូចចង្កូតទៅនឹងនាឡិកាដៃដែលមានមុខមូល។ អ្នកជំនាញបានផ្តល់ដំបូន្មានចំពោះការកាន់ដៃចង្កូតដែលត្រឹមត្រូវគឺដាក់ដៃលើម៉ោង ៩ និងម៉ោង ៣ មានន័យថាដៃឆ្វេងកាន់ទៅលើចំណុចម៉ោង៩ និងដៃស្តាំកាន់ទៅលើចំណុចម៉ោង៣។ គួរចងចាំថាអ្នកមិនត្រូវកាន់ដៃចង្កូតនៅចំណុចម៉ោង២ និងម៉ោង១០ឡើយពីព្រោះវាអាចបង្កគ្រោះថ្នាក់ចំពោះអ្នកប្រើប្រាស់ឡានដែលមានទំហំចង្កូតតូច និងចង្កូតបំពាក់ពោងសុវត្ថិភាព។

៣. វិធីបង្វិលចង្កូត៖ ប្រើតិចនិចបង្វិលចង្កូតរុញឡើងលើ និងទាញចុះក្រោមនៅពេលបត់ឆ្វេងស្តាំ។ ចំពោះការបត់ស្តាំ អ្នកត្រូវយកដៃឆ្វេងរុញចង្កូតឡើងលើពីឆ្វេងទៅស្តាំ ហើយដៃស្តាំទាញចង្កូតចុះក្រោម ចំណែកការបត់ឆ្វេងអ្នកត្រូវប្រើដៃស្តាំរុញចង្កូតឡើងលីពីស្តាំទៅឆ្វេងហើយដៃឆ្វេងទាញចង្កូតចុះក្រោម។ អ្នកបើកបរស្ទាត់ជំនាញភាគច្រើនតែងប្រើតែដៃម្ខាងក្នុងការបង្វិលចង្កូតតែទោះយ៉ាងណាអ្នកគួរប្រតិបត្តិការកាន់ចង្កូតឲ្យបានត្រឹមត្រូវដូចដែលបានរៀបរាប់ខាងលើដើម្បីគ្រប់គ្រងស្ថានភាពបើកបរទាន់ពេលវេលា និងជៀសវាងគ្រោះថ្នាក់ចរាចរណ៍៕

Sponsored