ថតបានច្បាស់ៗរូបរាងឡាន SUV អគ្គិសនីថ្មីរបស់ Jeep

[ទីផ្សារបរទេស] រូបរាងនៃរថយន្តអគ្គិសនីប្រភេទ SUV ថ្មីរបស់ Jeep ត្រូវបានប្រទះឃើញបើកបរលើ​ដងផ្លូវដោយ​មាន​បង្ហាញ​រចនាបថ​ច្បាស់ៗតែម្ដង ហើយរថយន្តនេះត្រូវបានគេដាក់ឈ្មោះក្រៅឲ្យថា “baby Renegade”។

រថយន្តអគ្គិសនីនេះគឺផ្នែកមួយនៃផែនការ​ឆ្នាំ២០៣០របស់ Jeep ដោយ​វាមានរចនាបថប្លែក​ពី​រថយន្ត Jeep ធម្មតា ប៉ុន្តែ​នៅ​មាន​រក្សា​អត្តសញ្ញាណមួយ​គឺ​ផ្ទាំងប៉ាណាដែលមាន​ដុំ​ជ្រុងៗចំនួន៧ដុំ ហើយដុំជ្រុងៗលើរថយន្តនេះមិនមានប្រហោងនោះទេ ព្រោះថា​វា​គឺ​ជា​រថយន្តអគ្គិសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះរំពឹងថានឹងប្រើប្រាស់គ្រោងឆ្អឹងអគ្គិសនីរបស់ក្រុមហ៊ុន PSA Group ឈ្មោះថា e-CMP ដែល​នឹង​ធ្វើ​ឲ្យ​រថយន្តនេះ​មាន​លក្ខណៈស្រដៀងនឹងរថយន្ត Alfa Romeo និងរថយន្ត Fiat ដែរ។ Stellantis នឹងផលិតរថយន្តទាំងបី​នៅ​រោងចក្រ​ Tychy ក្នុងប្រទេសប៉ូឡូញ។

ចំណែកប្រព័ន្ធថាមពលរបស់រថយន្តនេះអាចនឹងដូចគ្នាទៅនឹងប្រព័ន្ធថាមពលលើរថយន្ត Peugeot 2008, DS 3 Crossback និង Opel Mokka ដោយ​មាន​ម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ១៣៦សេះ និងមាន​អាគុយចំណុះ ៥០គីឡូវ៉ាត់​ម៉ោងដែលបើកបរបានចម្ងាយប្រមាណ ៤៨០គីឡូម៉ែត្រ។

រថយន្ត Jeep ថ្មីអាចនឹងចេញលក់ឆាប់បំផុតគឺនៅឆមាសដំបូងនៃឆ្នាំ២០២៣ ឬនៅចុងឆ្នាំ២០២២ ដោយការប្រកាស​ចេញ​ទំនងជា​ធ្វើ​ឡើងនៅ​មុនដំណាច់ឆ្នាំ២០២២នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម