ទីបំផុតកម្មវិធីតាំងបង្ហាញរថយន្ត Geneva ឆ្នាំ ២០២០ ត្រូវរំសាយចោលជាផ្លូវការ

កម្មវិធី​តាំង​បង្ហាញ​រថយន្ត Geneva Motor Show លើក​ទី​ ៩០ គ្រោង​ថា​នឹង​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​ពី​ថ្ងៃ​ទី ៥ ដល់​ថ្ងៃ​ទី ១៥ ខែ​មីនា​ ឆ្នាំ ២០២០ នេះ។ យ៉ាងណាក្ដី​​ទឹក​ប្រាក់​ដែល​​គេ​បាន​បណ្ដាក់​ទុន​លើ​កម្មវិធី​នេះ​​ក្លាយ​ជា​អសារបង់ ដោយ​សារ​​កម្មវិធី​នេះ​ត្រូវ​បាន​រំសាយ​ចោល​ជា​ផ្លូវ​ការ​ ដោយ​​មាន​ការ​បារម្ភ​ខ្លាំង​ជុំ​វិញ​ការ​ផ្ទុះ​វីរុស​កូរ៉ូណា។

​ការ​សម្រេច​ចិត្ត​រំសាយ​ចោល​នេះ បន្ទាប់​ពី​ការ​ប្រកាស​​របស់​រដ្ឋាភិបាល​​ប្រទេស​ស្វីស​អំពី​ការ​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ជួបជុំ​ជា​សាធារណៈ​លើស​ពី ១ ពាន់​នាក់ ​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី ១៥ ខែ​​មីនា ឬ​អាច​ឆាប់​នេះ។ កម្មវិធី Geneva ដែល​នឹង​ត្រូវ​ចាប់​ផ្ដើម​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ទៀត គឺ​រំពឹង​ថា​នឹង​អាច​ទាក់ទាញ​អ្នក​ចូល​រួម​​ច្រើន ហេតុ​នេះ​គេ​អាច​យល់​បាន​អំពី​មូលហេតុ​នៃ​ការ​រំសាយ​ចោល។ គួរ​ដឹង​ថា​ឆ្នាំ​មុន​មាន​មនុស្ស​សរុប​ជាង ៦០ ម៉ឺន​នាក់ ចូល​រួម​កម្មវិធី​តាំង​បង្ហាញ​នេះ។

ពាណិជ្ជកម្ម

គួរ​រំលឹក​ដែរ​ថា​ Geneva Motor Show នា​ឆ្នាំ​នេះ​គឺ​មិន​ធំ​នោះ​ឡើយ​ បើ​ធៀប​នឹង​ឆ្នាំ​មុន ដោយ​សារ​មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​ប្រកាស​មិន​ចូល​រួម​តាំង​ពី​ដើម​ឆ្នាំ ២០២០ មក ដែល​រួម​មាន​ Citroën, Ford, Jaguar, Lamborghini, Land Rover, Mini, Mitsubishi, Nissan, Opel, Peugeot, Subaru, Tesla និង Volvo៕​

Sponsored