ទីបំផុតដឹងតម្លៃលក់រថយន្ត Toyota Highlander ឆ្នាំ ២០២០

វិបសាយ​រថយន្ត Car Scoops បាន​បង្ហើប​ឲ្យ​ដឹង​ថា​រថយន្ត Toyota Highlander ស៊េរី​ឆ្នាំ ២០២០ ដែល​មាន​រចនាបថ​រូបរាង​ថ្មី​នោះ មាន​តម្លៃ​លក់​ចាប់​ពី ៣៤ ៦០០ ដុល្លារ ឡើង​ទៅ​សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក។

តម្លៃ​នេះ​គឺ​ថ្លៃ​ជាង​ ២ ៧៧០ ដុល្លារ បើ​ប្រៀប​នឹង Highlander ស៊េរី​មុន ​ប៉ុន្តែ​​​ស៊េរី​ថ្មី​គឺ​មាន​បំពាក់​មក​ជា​ស្តង់ដារ​នូវ​អំពូល​ភ្លើង LED, កញ្ចក់​ក្រោយ​​ពណ៌​ខ្មៅ និង​មាន​យ៉ាន់ Alloy ទំហំ ១៨ អ៊ីញ​យ៉ាង​ទាក់ទាញ​ផង​ដែរ។

ពាណិជ្ជកម្ម

ផ្នែក​ខាង​ក្នុង​វិញ​​មាន​កៅអី​អ្នក​អាច​បើកបរ​ដែល​ផ្លាស់​ប្ដូរ​បាន​ ៧ របៀប, ម៉ាស៊ីន​ត្រជាក់​ ៣ តំបន់, អេក្រង់​បញ្ជា​ទំហំ ៨ អ៊ីញ មាន Android Auto/Apple Car Play និង Amazon Alexa។ មុខងារ​ស្តង់ដារ​ផ្សេង​ទៀត​មាន​ប្រព័ន្ធ​បំពង​សំឡេង​ដែល​មាន​ Speaker ចំនួន ៦, កុងទ័រ​ឌីជីថល​ទំហំ​ ៤,២ អ៊ីញ និង​អាច​ជិះ​បាន​គ្នា​សរុប ៨ នាក់។

ម៉ាស៊ីន​រថយន្ត​វិញ​គឺ​មាន​ចំណុះ ៣,៥ លីត្រ ៦ ស៊ីឡាំង កម្លាំង ២៩៥ សេះ ដែល​ភ្ជាប់​នឹង​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៨ វគ្គ ហើយ​អាច​បន្ថែម​នូវ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​អស់ ដែល​​ត្រូវ​បន្ថែម​លុយ​ប្រមាណ ១៦០០ ដុល្លារ ទៅ ១៩៥០ ដុល្លារ។ វា​ក៏​មាន​ជា​ប្រភេទ Hybrid ដែល​មាន​ម៉ាស៊ីន ២,៥ លីត្រ ម៉ូទ័រ​អគ្គិសនី​ពីរ អាច​បង្កើត​កម្លាំង​បាន ២៤៣ សេះ។

Toyota Highlander ឆ្នាំ ២០២០ នឹង​ចេញ​លក់​នៅ​អាមេរិក​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១៨ ខែ​ធ្នូ ហើយ​ប្រភេទ Hybrid វិញ​នឹង​មាន​លក់​នៅ​ខែ​កុម្ភៈ​ឆ្នាំ ២០២០៕​​

Sponsored