
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Zeekr ដែលជាក្រុមហ៊ុនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Geely Group បានប្រកាសជាផ្លូវការថា ពួកគេបានសម្រេចការផលិតរថយន្តអគ្គិសនីទី ៤០០ ០០០ គ្រឿង របស់ពួកគេហើយ ដោយចំណាយរយៈពេល ៣៧ខែ បន្ទាប់ពីចាប់ផ្តើមផលិតជាផ្លូវការនៅខែតុលា ក្នុងឆ្នាំ២០២១។
ក្នុងនោះ រថយន្តអគ្គិសនីទី ៤០០ ០០០គ្រឿងរបស់ពួកគេ គឺជារថយន្តអគ្គិសនី Zeekr Mix ដែលជារថយន្តប្រភេទ minivan និងជាម៉ូដែលថ្មីបំផុតរបស់ពួកគេដែលទើបប្រកាសចេញលក់នៅក្នុងទីផ្សារប្រទេសចិន និងសកល កាលពីពេលថ្មីៗនេះ ជាមួយតម្លៃលក់ចាប់ពី ៣៨ ៥០០ ដុល្លារ ដល់ ៤១ ២០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
ជាមួយគ្នានេះផងដែរ បើរាប់ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុន Zeekr បានចែកចាយរថយន្តបានចំនួន ១៩៤ ៩៣៣ គ្រឿង កើនឡើង ៨៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។
គួរឲដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុន Zeekr មានរោងចក្រផលិតរថយន្តចំនួន ៣ នៅក្នុងប្រទេសចិន រួមមានរោងចក្រ Zeekr Hangzhou Bay, រោងចក្រ Geely Chengdu និងរោងចក្រ Geely Chunxiao ដែលជារោងចក្រមានសមត្ថភាពផលិតប្រចាំឆ្នាំ ២០០ ០០០ គ្រឿង និងជារោងចក្រដែលត្រូវបានកែលម្អដើម្បីផលិតរថយន្តម៉ូដែលថ្មី Zeekr Mix។ ទន្ទឹមនឹងបច្ចុប្បន្ននេះ ក្រុមហ៊ុន Zeekr មានរថយន្តអគ្គិសនីសរុបចំនួន ៦ ម៉ូឌែល ស្របពេលដែលរថយន្តអគ្គិសនីដំបូងគេដែលត្រូវបានផលិតគឺ Zeekr 001 ៕