ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ រថយន្ដអគ្គិសនី MG 4X ប្រកាសដាក់លក់ជាផ្លូវនៅចិន ជាមួយតម្លៃចាប់ផ្តើមត្រឹមតែ ១មុឺនដុល្លារស្ដើង

រថយន្ដអគ្គិសនី MG 4X ប្រកាសដាក់លក់ជាផ្លូវនៅចិន ជាមួយតម្លៃចាប់ផ្តើមត្រឹមតែ ១មុឺនដុល្លារស្ដើង

ក្រុមហ៊ុន SAIC បានប្រកាសដាក់លក់ជាផ្លូវការនូវរថយន្ត SUV អគ្គិសនីសុទ្ធខ្នាតតូច ស៊េរីថ្មីចុងក្រោយរបស់ខ្លួនដែលមានឈ្មោះថា MG 4X ផ្ដល់មកជាមួយជម្រើស ៤ម៉ូឌែលផ្សេងគ្នាជាមួយចន្លោះពី ១៤ ៧០០ ដុល្លារ រហូតដល់ ១៧ ២០០ ដុល្លារអាមេរិក។ គួរបញ្ជាក់ផងដែរតួរលេខនេះក៏ជាតម្លៃសម្រាប់ការកក់ទុកមុនដោយមិនទាន់ឃើញឡានពិត Blind pre-orders។ ហើយអ្វីកាន់តែពិសេស អតិថិជនក៏អាចទទួលបានអត្ថប្រយោជន៍ពីតម្លៃប្រូម៉ូសិនពិសេស ដែលធ្វើឲ្យតម្លៃចាប់ផ្តើមដំបូងបង្អស់ធ្លាក់ចុះមកត្រឹមតែ ១៣ ៦០០ ដុល្លារ។

រថយន្ដអគ្គិសនី MG 4X ត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹងផលិយសម្រាប់រថយន្តអគ្គិសនីសុទ្ធដែលមានឈ្មោះថា “Nebula” របស់ក្រុមហ៊ុន SAIC ត្រូវបានរួមបញ្ចូលគ្នារវាងសមត្ថភាពបើកបរបែប Performance និងភាពឆ្លាតវៃ ដោយមានបំពាក់នូវប្រព័ន្ធបើកបរបង្វិលកង់ក្រោយនិងប្រព័ន្ធបូមក្រោយឯករាជ្យ Five-link independent rear suspension។

បើក្រឡេកទៅការរចនារថយន្ដនេះនៅតែបន្តរក្សាប្រើប្រាស់ភាសរចនាក្នុងត្រកូលរថយន្ដ MG4 ដដែល ដោយមានបំពាក់នូវប៉ាណាមុខបិទជិត, ចង្កៀងបំភ្លឺពេលថ្ងៃប្រភេទ LED រាងផ្តេក និងឡូហ្គោដែលមានពន្លឺភ្លឺ។ សម្រាប់ទំហំរូបរាងខាងក្រៅរថយន្ដ MG 4X មានប្រវែងបណ្ដោយ ៤ ៥០០ មីលីម៉ែត្រ ទទឹង ១ ៨៤៩ មីលីម៉ែត្រ កម្ពស់ ១ ៦២១ មីលីម៉ែត្រ និងប្រវែងគម្លាតកង់មុខក្រោយ ២ ៧៣៥ មីលីម៉ែត្រ។

ចូលមកដល់ផ្នែកខាងក្នុងកាប៊ីនមានបំពាក់នូវកុងទ័រឌីជីថលទំហំ ១០.២៥ អ៊ីញ និងអេក្រង់កម្សាន្ត Touchscreen ទំហំ ១៥.៦ អ៊ីញ។ ប្រព័ន្ធកម្សាន្តនៅក្នុងរថយន្ដនេះ ត្រូវបានរួមបញ្ចូលគ្នាជាមួយបច្ចេកវិទ្យា AI ជំនាន់ថ្មីដែលមានឈ្មោះថា Doubao large language model គាំទ្រការបញ្ជាដោយសំឡេងបែងចែកជាបួនតំបន់ ព្រមទាំងប្រព័ន្ធភ្ជាប់ទំនាក់ទំនងស្មាតហ្វូនយ៉ាងទូលំទូលាយ រួមមានមុខងារ CarPlay, HiCar, Carlink និងប្រព័ន្ធអេកូឡូស៊ីឆ្លាតវៃរបស់ Oppo ផងដែរ។

បើនិយាយពីកម្រិយសមត្ថភាពរថយន្ត MG 4X ផ្តល់ជូននូវជម្រើសកម្លាំងចំនួនពីរប្រភេទផ្សេងគ្នាដោយក្នុងនោះ មានជម្រើសអាចផលិតកម្លាំងថាមពលអតិបរមាបាន ១៦៨ កម្លាំងសេះ និងកម្លាំង ២០១ សេះ។ បន្ថែមពីនេះរថយន្តនេះត្រូវបានបំពាក់ដោយអាគុយប្រភេទរាវ-រឹង លីចូម-អុីយ៉ុង ផ្អែកលើសារធាតុម៉ង់ហ្គាណែស ទំហំ ៥៣.៩ គីឡូវ៉ាត់ម៉ោង ផលិតដោយក្រុមហ៊ុន Qingtao ឬក៏ជម្រើសអាគុយប្រភេទលីចូមអ៊ុតផូស្ហ្វាត (LFP) ទំហំ ៦៤.២ គីឡូវ៉ាត់ម៉ោង (kWh) ផលិតដោយក្រុមហ៊ុន CATL ផ្តល់នូវចម្ងាយបើកបរ បានរហូតដល់ ៥១០ គីឡូម៉ែត្រ និង ៦១០ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC អាស្រ័យតាមម៉ូឌែលនីមួយៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម