រថយន្តភីកអ៊ាប់ ៥ម៉ូដែលប្រចាំឆ្នាំ ២០២១ ដែលបានផ្លាស់ប្តូររូបរាងថ្មី សម្រាប់ទីផ្សារកម្ពុជា

REVIEW+ : កាលពីចុងឆ្នាំ រហូតមកដល់ដើមឆ្នាំ២០២១នេះ យើងឃើញថាមានប្រភពព័ត៌មានបរទេសជាច្រើនបានបង្ហាញមុខមាត់ថ្មីនៃរថយន្តភីកអ៊ាប់ (Pickup)នៅលើពិភពលោក។ ប៉ុន្តែសម្រាប់ទីផ្សាររបស់ប្រទេសកម្ពុជាវិញ មកទល់នឹងពេលនេះ យើងសង្កេតឃើញថាមានតែរថយន្ត ៥ម៉ូដែលផងដែរ ដែលបានធ្វើការផ្លាស់ប្តូរ និងណែនាំថ្មីគឺរថយន្ត Toyota Hilux Revo Rally, Isuzu D-Max, Nissan Navara ឆ្នាំ២០២១, Mazda BT-50 និងរថយន្ត Ford Ranger FX4 ឆ្នាំ២០២២។ ថ្ងៃនេះអត្ថបទ REVIEW+ របស់ខេមបូអូតូ សូមធ្វើការបង្ហាញពីចំណុចពិសេសធំៗរបស់រថយន្តទាំង ៥ ម៉ូដែល ដោយចាប់ផ្តើមពីរថយន្តដែលបានបង្ហាញវត្តមានមុនគេ តាមលំដាប់លំដោយដូចខាងក្រោម៖

ប្រភពរូប៖ Toyota Cambodia

១. រថយន្តតូយ៉ូតា Hilux Revo Rally ២០២១ តម្លៃប្រហាក់ប្រហែល ៥២​ ៥០០ដុល្លារ (ថែម ៦០០ដុល្លារសម្រាប់សកាំម៉ៃ) ដាក់លក់ជាផ្លូវការកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០៖ រថយន្តនេះនាំចូលផ្តាច់មុខដោយក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដោយបានធ្វើការផ្លាស់ប្តូរមុខមាត់ថ្មីនៅផ្នែកខាងមុខថ្មីទាំងស្រុង ជាពិសេសការរចនាលើប៉ាណាមុខ ចង្កៀងមុខប្រភេទ Bi-Beam LED (ហ្វា-កូដ អំពូល ១គ្រាប់ធំ)។ ថាសកង់រចនាបែបស្ព័រថ្មី ទំហំ១៨អុីញ ហើយនៅផ្នែកខាងក្រោយបានធ្វើការផ្លាស់ប្តូរនូវការរចនាថ្មីទៅលើចង្កៀងក្រោយ មានរូបរាងដូចជាលេខ 8 ជា LED បែបខ្សែបន្ទាត់។ បន្ថែមជំនួយការបើកឃ្លុបខាងក្រោយ ហៅថា Tailgate Assist ងាយស្រួលបិទ បើក និងស្រាលជាងមុខឆ្ងាយ និងបានបន្ថែមភ្លើង LED ៣ចំណុចនៅក្នុងឃ្លុប ជំនួយការលើកដាក់សំភារះនៅពេលយប់ផងដែរ។

ប្រភពរូប៖ Toyota Cambodia

ផ្នែកខាងក្នុងក៏បានធ្វើការផ្លាស់ប្តូរនូវក្រាហ្វីចលោតលើកុងទ័រតាមរូបរាងថ្មីខាងក្រៅ អេក្រង់កំសាន្តថ្មី ភ្ជាប់ជាមួយមុខងារ Apple CarPlay ឬ Android Auto អេក្រង់ ៨អុីញ និងមានបន្ថែមអំពូលជាខ្សែបន្ទាត់ បង្កប់តាមដៃទ្វាផងដែរ។ អ្វីដែលពិសេសសម្រាប់ម៉ូឌែលថ្មីនេះគឺប្រព័ន្ធសុវត្ថិភាពថ្មី TSS (Toyota Safety Sense)។ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតជំនាន់ថ្មី GD ២,៨លីត្រ ថាមពលកម្លាំង ២០១សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ។ (អានបន្ថែមលម្អិតផ្លូវការ)

ពាណិជ្ជកម្ម

២. រថយន្ត Isuzu D-Max ២០២១ តម្លៃប្រហាក់ប្រហែល ដាក់លក់ជាផ្លូវការកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០៖ រថយន្តនេះត្រូវបាននាំចូលផ្តាច់មុខដោយក្រុមហ៊ុន ខេ (ខេមបូឌា) បានធ្វើការផ្លាស់ប្តូរថ្មីទាំងស្រុងដែរ បានរចនាប៉ាណាមុខកាន់តែទាក់ទាញបែបស្ព័រ ដោយចង្កៀងមុខប្រភេទ Bi-Beam LED (ហ្វា-កូដ អំពូល ១គ្រាប់)។ ថាសកង់បែបស្ព័ររចនាថ្មី ទំហំ ១៨អុីញ។ កន្លែងដែលពិសេសជាងគេនោះគឺមុខងារបញ្ឆេះរថយន្តពីចំងាយ Remote Engine Start។

មុខងារសុវត្ថិភាពថ្មី ក៏មិនធម្មតាដែរគឺមានសេនស័រជំនួយចូលចំណត ៨ចំណុច, ប្រព័ន្ធផ្តល់សញ្ញានៅកញ្ចក់ចំហៀងសងខាង BMS, ប្រព័ន្ធផ្តល់សញ្ញាពេលចេញពីចំណតនៅផ្នែកខាងក្រោយ RTCA។ រថយន្តនេះដំណើរការដោយម៉ាស៊ីនម៉ាស៊ូត ៣,០លីត្រ Ddi Blue Power ថាមពលកម្លាំង ១៩០សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុន។ (អានលម្អិតផ្លូវការ)

រូបភាពតំណាង វាអាចខុសពីរថយន្តនៅកម្ពុជាជាក់ស្តែង

៣. រថយន្ត Nissan Navara ២០២១ តម្លៃប្រហាក់ប្រហែល ៥៣ ៩០០ដុល្លារ ដាក់លក់ជាផ្លូវការកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១៖ រថយន្តនេះត្រូវបាននាំចូលផ្តាច់មុខដោយក្រុមហ៊ុន Tan Chong Motor Cambodia។ ការរចនាមានការចាប់អារម្មណ៌ខ្លាំង ដោយសារបានផ្លាស់ប្តូរថ្មីសន្លាង ទាំងស្រុង ជាពិសេសគឺផ្នែកខាងមុខរបស់វា ភ្ជាប់ដោយប៉ាណាស្ព័រ និងចង្កៀងមុខមានអំពូល LED ចំនួន ៤គ្រាប់ រួមជាមួយអំពូលបំភ្លឺផ្លូវប្រភេទ LED មួយខ្សែផងដែរ។

រូបភាពតំណាង វាអាចខុសពីរថយន្តនៅកម្ពុជាជាក់ស្តែង

ថាស់កង់ទំហំ ១៨អុីញរចនាបែបស្ព័រ អេក្រង់កំសាន្តទំហំ ៨អុីញភ្ជាប់ដោយមុខងារ Apple CarPlay ឬ Android Auto និងអ្វីដែលពិសេសនោះគឺមានមុខងារសុវត្ថិភាពឆ្លាតវៃដែលមានកាំម៉េរាចំនួន ៤គ្រាប់ លក្ខណៈ៣៦០ដឺក្រេ អាចមើលពីស្ថានភាពពេលផ្លូវពិបាក ឬហៅថា Intelligent Around View Monitor (IAVM), ពោងសុវត្ថិភាព ៧ចំណុច និងផ្លិតទឹកស្វ័យប្រវត្តិ។ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូត ២,៥ លីត្រ កម្លាំងប្រហែល ១៨៧សេះ កម្លាំងរមួល ៤៥០ញ៉ូតុនម៉ែត្រ។ (អានលម្អិតក្រៅផ្លូវការ)

ប្រភពរូប៖ Mazda Cambodia

៤. រថយន្ត Mazda BT-50 ២០២២ តម្លៃប្រហាក់ប្រហែល ៤៥ ០០០ដុល្លារ ដាក់លក់ជាផ្លូវការកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ នាំចូលផ្តាច់មុខដោយក្រុមហ៊ុន HGB Group។ ការរចនាគឺត្រូវបានផ្លាស់ប្តូរថ្មីទាំងស្រុង ទាំងមុខ ចំហៀង និងក្រោយ ជាពិសេសគឺផ្នែកខាងមុន ដោយបានយកលំនាំតាមត្រកូល SUV របស់ខ្លួន មកបំពាក់លើប្រភេទ Pickup នេះតែម្តង។ អ្វីដែលខ្ញុំចាប់អារម្មណ៌គឺមានមុខងារបញ្ឆេះរថយន្តពីចម្ងាយ Remote Engine Start។ ម៉ាស៊ីនម៉ាស៊ូតថ្មី ចំណុះ ៣,០លីត្រ ៤សុីឡាំង ថាមពលកម្លាំង១៩០សេះ កម្លាំងរមូល ៤៥០ញ៉ូតុនម៉ែត្រ។ (អានលម្អិតក្រៅផ្លូវការ)

៥. រថយន្ត Ford Ranger FX4 ២០២២ តម្លៃប្រហាក់ប្រហែល ៤៥ ០០០ដុល្លារ បើកកក់ជាផ្លូវការកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ នាំចូលផ្តាច់មុខដោយក្រុមហ៊ុន អ​ អិម អេ ខេមបូឌា។ រថយន្តនេះជាប្រភេទមួយទៀត ក្នុងត្រកូលរបស់ Ford Ranger ដែលបានផ្លាស់ប្តូរផ្នែកខាងមុខ ចំហៀងមានតែម លេងកង់បែបស្ព័រ និងមានកាងលំអរនៅផ្នែកខាងក្រោយយ៉ាងរឹងមាំ។ ប្រើប្រាស់ចង្កូតភ្លើង ឬហៅថា បូមអេឡិចត្រូនិច កៅអីស្បែករំលេចដោយអក្សរ FX4 លេងថេរពណ៌ បន្ថែមភាពទាក់ទាញ។ មិនខុសពីរាងច្បងទេ វាប្រើប្រាស់ប្រព័ន្ធកំសាន្ត អេក្រង់ Touch Screen ៨ អុីញ បច្ចេកវិទ្យា SYNC 3 ភ្ជាប់ដោយមុខងារ Apple CarPlay ឬ Android Auto។ រថយន្តនេះដំណើរការដោយម៉ាស៊ីនម៉ាស៊ូត ២,២លីត្រ ថាមពលកម្លាំង ១៦០ps កម្លាំងរមួល ៣៨៥ញ៉ូតុនម៉ែត្រ។ (អានលម្អិតផ្លូវការ)

ប្រភពរូប៖ Ford Cambodia

តើបន្ទាប់ពីបានអានរួចមក តើមួយណាជាជម្រើសរបស់បងប្អូន? ពេលខ្លះ យើងអាចជ្រើសរើសរថយន្តអ្វីដែលយើងពេញចិត្ត ក៏អាចនិយាយបានថា ជាជម្រើសដ៏ល្អបំផុត មិនថារថយន្តនោះមានលក្ខណៈពិសេសនៅស្ទើរ ឬយ៉ាងណានោះទេ គឺរើសតាមបេះដូង។ អរគុណបងប្អូនទាំងអស់គ្នា សម្រាប់ការអាន ខ្ញុំរក្សា សូមអរគុណ សូមជម្រាបលា ជូនពរបងប្អូនទាំងអស់គ្នាមានខុសភាពល្អ និងជៀសផុតពីជម្ងឺកូវីដ-១៩។ សង្ឃឹមថាកម្ពុជា អាចវិលត្រលប់មកសភាពដើមវិញក្នុងពេលឆាប់ៗ ខាងមុខនេះ។

Sponsored