រថយន្តសាំង ត្រូវការទឹកស្អំ ដើម្បីទប់កម្តៅម៉ាស៊ីន! ចុះរថយន្តអគ្គិសនីត្រូវការទឹកស្អំ ទប់កម្តៅអ្វី?

ថ្វីបើរថយន្តអគ្គិសនី មានការថែទាំតិចជាងរថយន្តចំហេះក្នុង ដូចជាការមិនចាំបាច់ផ្លាស់ប្តូរប្រេងម៉ាស៊ីនក៏ពិតមែន ប៉ុន្តែរថយន្តអគ្គិសនី នៅតែត្រូវការទឹកស្អំផងដែរ។

សម្រាប់រថយន្តសាំង-ម៉ាស៊ូត ត្រូវការទឹកស្អំ ដើម្បីជួយទប់កម្តៅម៉ាស៊ីន ឲ្យស្ថិតនៅកម្រិតសីតុណ្ហភាពប្រតិបត្តិការ មិនឲ្យឡើងកម្តៅខ្លាំងជ្រុលដែលអាចបណ្តាលឲ្យគុប៉េម៉ាស៊ីន។ ដោយឡែករថយន្តអគ្គិសនី មិនមានម៉ាស៊ីននោះទេ ប៉ុន្តែវាដំណើរការដោយ ម៉ូទ័រ និងធុងអាគុយ ដែលវាក៏ឡើងកម្តៅខ្លាំង បង្កហានិភ័យខ្ពស់ផងដែរ ប្រសិនបើគ្មានទឹកស្អំ ជួយទប់រក្សាកម្តៅទេនោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អាគុយរថយន្តអគ្គិសនី នឹងឡើងកម្តៅខ្លាំងជាពិសេសនៅពេលកំពុងបើកបរ និងពេលសាកភ្លើងល្បឿនលឿន។ ដូច្នេះ វាត្រូវការទឹកស្អំ ជួយទប់រក្សាកម្តៅមិនឲ្យឡើងខ្ពស់ខ្លាំងពេក ដើម្បីបង្កើនអាយុកាល និងមិនឲ្យអាគុយឆាប់ធ្លាក់ Range នោះទេ។

ក្រៅពីអាគុយ ទឹកស្អំ ក៏ជួយស្រូបកម្តៅចេញពីគ្រឿងបង្គុំដែលមានវ៉ុលខ្ពស់ដូចជា ម៉ូទ័រ និង Inverter ចូលទៅធុងទឹកមេ ឬ Radiator ដើម្បីរក្សាសីតុណ្ហភាព និងមិនឲ្យគ្រឿងបង្គុំទាំងនោះឆាប់ខូចសឹករិចរិលឡើយ។ យ៉ាងណាមិញ នៅក្នុងប្រទេសត្រជាក់ នឹងបណ្តាលឲ្យអាគុយត្រជាក់ដែរ អ៊ីចឹងទឹកស្អំ ក៏ជួយបង្កើនកម្តៅអាគុយ ឲ្យឆាប់ដល់កម្រិតសីតុណ្ហភាពប្រតិបត្តិការវិញដែរ។

គួរបញ្ជាក់បន្ថែមថា ការជ្រើសរើសទឹកស្អំសម្រាប់រថយន្តអគ្គិសនី ក៏ត្រូវការផងដែរ នូវទឹកស្អំដែលមានគុណភាពខ្ពស់ ក្នុងការរក្សាកម្តៅ និងមានសារធាតុជំនួយជួយមិនឲ្យប្រព័ន្ធធុងទឹក មានស្នឹម ច្រេះ ឬកំណកអំបិលឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម