រថយន្ត SUV កំពូលប្រណីតរបស់ Mercedes ចេញមុខជាផ្លូវការ

រថយន្ត Mercedes-Maybach GLS ដែល​ជា​រថយន្ត​ SUV កំពូល​ប្រណីត​របស់ Mercedes បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ក្នុង​ប្រទេស​ចិន ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ Guangzhou Auto Show។

នេះ​គឺ​ជា​លើក​ដំបូង​ដែល​ម៉ាក Maybach លេច​មុខ​លើ​រថយន្ត​សម្រាប់​លក់​លើ​ទីផ្សារ ដែល​មិន​មែន​ជា​ម៉ូដែល S-Class។ Mercedes-Maybach GLS គឺ​ដំណើរ​ការ​ដោយ​ម៉ាស៊ីន ៤,០ លីត្រ Twin-Turbo ៨ ស៊ីឡាំង កម្លាំង ៥៥០ សេះ ដែល​អាច​ឲ្យ​រថយន្ត​ទម្ងន់ ២,៧៨ តោន​នេះ បង្កើន​សន្ទុះ​ពី ០ ដល់ ១០០ គ.ម/ម៉ ក្នុង​ពេល ៤,៩ វិនាទី និង​ល្បឿន​អតិបរមា​កំណត់​នៅ​ត្រឹម ២៥០ គ.ម/ម៉។

ពាណិជ្ជកម្ម

ចំពោះ​ការ​ឌីហ្សាញ​រូបរាង​រថយន្ត​នេះ គឺ​វា​ជា​ការ​ឌីហ្សាញ​ដែល​ធ្លាប់​ឃើញ​ពី​មុន​មក ពោល​គឺ​មាន​​ផ្ទាំង​ប៉ាណា​ខាង​មុខ​មាន​រន្ធ​ជា​បញ្ឈរ​ដែល​ជា​អត្តសញ្ញាណ​មួយ​របស់​ប្រភេទ​រថយន្ត Maybach អម​នឹង​​យ៉ាន់​កង់​ទំហំ ២២ អ៊ីញ យ៉ាង​ទាក់ទាញ។ ​

នៅ​ផ្នែក​ខាង​ក្នុង​មាន​កៅអី​អង្គុយ​តែ​ពីរ​ជួរ​ប៉ុណ្ណោះ ដើម្បី​ធានា​ថា​អាច​ផ្ដល់​ទំហំ​ធំ​ទូលាយ​សម្រាប់​អ្នក​ដំណើរ។ កៅអី​ជួរ​ក្រោយ​គឺ​ជា​ប្រភេទ​កៅអី Business-Class ដែល​ទ្រេត​​ចុះ​ខ្លាំង ប្រៀប​ដូច​ជា​កៅអី​ក្នុង​ Mercedes-Maybach S-Class ដែរ ដើម្បី​ផ្ដល់​នូវ​ផាសុកភាព​ពេញ​ទី។

រថយន្ត Mercedes-Maybach នេះ​នឹង​មាន​លក់​នៅ​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ ២០២០។ ក្រុមហ៊ុន​មិន​បាន​បង្ហាញ​តម្លៃ​លក់​នោះ​ទេ ប៉ុន្តែ​រំពឹង​ថា​មាន​ចាប់​ពី​ប្រមាណ ២០ ម៉ឺន​ដុល្លារ​ឡើង ដែល​ជា​តម្លៃ​ប្រកួត​​ប្រជែង​នឹង​ Bentley Bentayga និង Aston Martin DBX ជា​ដើម៕

Sponsored