
នេះគឺជា Gunther Werks F-26, រថយន្តដែលមានសមត្ថភាពអាចវ៉ាដាច់កំពូលរថយន្ត Hypercar តម្លៃរាប់លានដុល្លារដូចជា Bugatti Veyron ។ រថយន្តនេះ គឺត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Gunther Werks របស់សហរដ្ឋអាមេរិក ដោយពួកគេគឺបានកែច្នៃរថយន្តនេះឡើង ដោយផ្អែកលើគ្រោងឆ្អឹងរបស់រថយន្ត Porsche 911 ជំនាន់ ៩៩៣ ដែលជារថយន្តជំនាន់ចុងក្រោយបង្អស់ដែលប្រើ Air-Cooled មុនពេលប្តូរទៅប្រើ Water-Cooled ។

លក្ខណៈពិសេសរបស់រថយន្តមួយនេះ គឺត្រូវបានក្រុមហ៊ុន Gunther Werks ផ្ទាល់ ពង្រឹងតួខ្លួនឱ្យរឹងមាំជាងមុន ២៥០% ដោយប្រព័ន្ធបូមខាងមុខ ត្រូវប្តូរទៅជា Double-Wishbone ដូចឡានប្រណាំង Formula 1 និងប្រើប្រាស់នូវប្រព័ន្ធបូមអេឡិចត្រូនិចដែលអាចបញ្ជាផ្លាស់ប្តូរកម្រិតទន់-រឹងបានភ្លាមៗ។

ងាកមកផ្នែកម៉ាស៊ីនវិញ រថយន្តនេះ គឺត្រូវបានដកម៉ាស៊ីនដើមចេញ ដោយជំនួសមកវិញដោយម៉ាស៊ីនកែច្នៃពិសេសទំហំ ៤.០ លីត្រ Flat-Six បំពាក់ Turbo ចំនួន ២ ដែលបង្កើតឡើងដោយក្រុមហ៊ុន Rothsport Racing ។ ក្នុងនោះ បើចាក់សាំងធម្មតា អាចផលិតកម្លាំងបាន ៨៨០ សេះ តែបើចាក់ប្រេង E85 វិញ កម្លាំងនឹងស្ទុះឡើងដល់ ១,០៦៧ សេះ។

យ៉ាងណាមិញ អ្វីដែលធ្វើឲគេរំភើបចិត្តជាមួយរថយន្តនេះខ្លាំងបំផុតនោះ គឺប្រើប្រាស់នូវប្រអប់លេខដៃចំនួន ៦វគ្គ, មានតួខ្លួនទាំងមូលធ្វើពី Carbon Fiber ទាំងស្រុង និងមានទម្ងន់សរុបត្រឹមតែ ១,២៤៧ គីឡូក្រាមប៉ុណ្ណោះ។ ដូចនេះហើយ ដោយសារតែមានទម្ងន់ស្រាលផង និងមានកម្លាំងខ្លាំងផង ទើបធ្វើឱ្យសន្ទុះល្បឿនរបស់រថយន្តនេះគឺខ្លាំងជាងរថយន្ត Bugatti Veyron ទៅទៀត។

សរុបមក រថយន្តនេះ គឺត្រូវបានក្រុមហ៊ុន Gunther Werks ផលិតឡើងតែ ២៦ គ្រឿងប៉ុណ្ណោះ ដោយតម្លៃនៅទីផ្សារបរទេសគឺខ្ទង់ ១,៥ លានដុល្លារអាមេរិក ប៉ុន្តែតម្លៃនេះ គឺមិនទាន់បូករួមតម្លៃរថយន្ត Porsche 993 ដើម និងការ Custom របស់ម្ចាស់រថយន្តនៅឡើយនោះទេ៕


















