ឡាន Cadillac Escalade ពាសដែក អាចមានតម្លៃជិតខ្ទង់លានដុល្លារ

ក្រុមហ៊ុន​បំពាក់​ពាស​ដែក​ការពារ​គ្រាប់​ដ៏​ល្បី​មួយ​របស់​ប្រទេស​កាណាដា មាន​ឈ្មោះ​ថា Inkas Armored Vehicle Manufacturing បាន​បង្ហាញ​តម្លៃ​នៃ​កញ្ចប់ Option បំពាក់​ពាស​ដែក​ការពារ​គ្រាប់ សម្រាប់​រថយន្ត Cadillac Escalade ស៊េរីឆ្នាំ ២០១៩ ហៅ​ថា “Chairman Package”។

កញ្ចប់ Option “Chairman Package” នេះ នឹង​ធ្វើ​ឲ្យ​រថយន្ត SUV ដ៏​ពេញនិយម​នា​ប៉ែក​អឺរ៉ុប​កាន់​តែ​មាន​សុវត្ថិភាព​សម្រាប់​អ្នកដំណើរ ជាមួយ​នឹង​ការ​បំពាក់​អាវក្រោះ​ការពារ​គ្រាប់ ប្រភេទ BR6-level និង 360-degree ballistic armoring ដែល​អាច​ការពារ​ពី​គ្រាប់​កាំភ្លើង​ប្រភេទ 7.62mm និង 308 Winchester FMJ ផងដែរ។

ពាណិជ្ជកម្ម

ជាមួយ​គ្នា​នេះ កញ្ចប់ Option ដ៏​ពិសេស​ខាង​លើ នឹង​ផ្តល់​ឲ្យ​អ្នកដំណើរ​នូវ​ផាសុកភាព​កម្រិត​ប្រធានាធិបតី​តែម្តង។ កាប៊ីន​ខាង​ក្នុង​បំពាក់​ទៅ​ដោយ​កៅអី​ស្បែក ដែល​មាន​មុខងារ​កម្តៅ និង​បញ្ចេញ​ខ្យល់ ហើយ​ថែមទាំង​មាន​មុខងារ​ម៉ាស្សា​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ វា​បាន​បំពាក់​ប្រព័ន្ធ​កម្សាន្ត និង​ប្រព័ន្ធ​សំឡេង Surround Sound System ដ៏​ទំនើប ដោយ​ក្នុង​នោះ​ក៏​មាន​ទូរទស្សន៍ 4k Smart TV, បច្ចេកវិទ្យា 4G LTE, មុខងារ Apple CarPlay និង Android Auto ផង​ដែរ។

រថយន្ត Escalade ពាសដែក​នេះ​ក៏​បាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព ដែល​អាច​មើល​ឃើញ​កម្រិត ៣៦០ ដឺក្រេ , Satellite TV , ប្រព័ន្ធ​ទូរសព្ទ​ពិសេស , ទូ​ដាក់​កាំភ្លើង​ប្រភេទ Biometric និង ច្រើន​ទៀត។

សូម​បញ្ជាក់​ថា ​កញ្ចប់ Option “Chairman Package” នេះ អាច​មាន​តម្លៃ​ចន្លោះ​ពី ៣០ ម៉ឺន ដល់ ៥០ ម៉ឺន​ដុល្លារ អាស្រ័យ​លើ​គ្រឿង​បរិក្ខារ​ដែល​បាន​បំពាក់ បូករួមទាំងតម្លៃរថយន្ត Cadillac Escalade ទៀត អាចជិតដល់ខ្ទង់លានដុល្លារ៕

Sponsored