ឡាន Range Rover ប្រភេទ PHEV ជិះបានឆ្ងាយលើសការប៉ាន់ស្មាន

[ទីផ្សារបរទេស] ក្រុមហ៊ុន Land Rover បានប្រកាសថារថយន្ត Range Rover ស៊េរីឆ្នាំ២០២៣ ប្រភេទ PHEV នឹងអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ ១១៣គីឡូម៉ែត្រ​ លើសពីការប៉ាន់ស្មានពីមុនដែលថាវាអាចបើកបរបាន ១០០គីឡូម៉ែត្រ។

ការប៉ាន់ស្មានថ្មីនេះគឺផ្អែកលើការធ្វើតេស្ត WLPT ហើយ Land Rover រំពឹងថារថយន្តនេះនឹងអាចបើកបរបានចម្ងាយ ៨៨គីឡូម៉ែត្រនៅពេលដែលប្រើប្រាស់ជាក់ស្ដែង។ គួររំលឹកថា Range Rover ស៊េរីឆ្នាំ២០២៣ ប្រភេទ PHEV មានបំពាក់អាគុយដែលមានកម្លាំងសាក 50kWh មានន័យថាវាអាចបើសាកភ្លើងដល់ ៨០% ក្នុងពេលមិនដល់១ម៉ោងឡើយ ហើយល្បឿនសាកនេះត្រូវបាន Land Rover អះអាងថាជាល្បឿនសាកលឿនជាងគេសម្រាប់រថយន្ត PHEV។

ពាណិជ្ជកម្ម

Range Rover ស៊េរីឆ្នាំ២០២៣ ប្រភេទ PHEV មានចែកចេញជាពីរប្រភេទគឺ P440e ដែលមានកម្លាំង ៤៣៤សេះ និង P510e ដែលមានកម្លាំង​៥០៣សេះ ដែលពួកវាមានភ្ជាប់នឹងអាគុយ​ 38kWh ជាមួយម៉ូទ័រអគ្គិសនីកម្លាំង 105kW អមជាមួយម៉ាស៊ីន ៣,០លីត្រ ៦ស៊ីឡាំង។

ក្រៅពី PHEV រថយន្តស៊េរីថ្មីនេះក៏មានផ្ដល់ជូនជាប្រភេទម៉ាស៊ីនសាំង ម៉ាស៊ូត រួមជាមួយប្រភេទម៉ាស៊ីណ Twin-Turbo V8 ហើយប្រភេទប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធរំពឹងថានឹងបង្ហាញវត្តមាននៅឆ្នាំ២០២៤។

នៅចក្រភពអង់គ្លេស​ Range Rover ប្រភេទ PHEV មានតម្លៃចាប់ពីប្រមាណ ១៤ម៉ឺនដុល្លារ ដល់ប្រមាណ ២៣ម៉ឺនដុល្លារ៕

Sponsored